កម្ពុជា ទទូចភាគីថៃកុំយកបញ្ហាផ្ទុះមីន ជាមូលហេតុផ្អាកកិច្ចព្រមព្រៀងសន្តិភាព ..!!

0
Spread the love

កម្ពុជា ទទូចភាគីថៃកុំយកបញ្ហាផ្ទុះមីន ជាមូលហេតុផ្អាកកិច្ចព្រមព្រៀងសន្តិភាព

លោក លី ធុច អនុប្រធានទី១ នៃអាជ្ញាធរមីន

ភ្នំពេញ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន ទទូចដល់ភាគីថៃកុំឱ្យយកបញ្ហាផ្ទុះមីន នៅតំបន់ព្រំដែន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ធ្វើជាមូលហេតុផ្អាកការអនុវត្តជាឯកតោភាគី កិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះរួមគ្នា ក្នុងប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន នាយប់ថ្ងៃទី១១ ខែវិច្ឆិកា ស្របពេលកិច្ចប្រជុំលើកទី២២ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ាខិតជិតមកដល់ កម្ពុជាស្នើដល់ភាគីថៃឱ្យរក្សានូវកិច្ចសហការ វប្បធម៌សន្ទនា ការគោរពគ្នាទៅវិញទៅមក និងឈរលើគោលការណ៍មនុស្សធម៌ និងច្បាប់អន្តរជាតិ ដើម្បីសម្រេចគោលដៅពិភពលោកគ្មានមីន។

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន សោកស្ដាយដែលសារព័ត៌មានថៃមួយចំនួនបានផ្សព្វផ្សាយព័ត៌មានចោទប្រកាន់ថាបានប្រើប្រាស់ និងដាក់មីនថ្មី ស្របពេលកម្ពុជាកំពុងខិតខំប្រឹងប្រែងលុបបំបាត់គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមរហូតទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិក្នុងវិស័យកំចាត់មីននេះ។

ជុំវិញការចោទប្រកាន់ដែលគ្មានការពិត ឬការស៊ើបអង្កេតច្បាស់លាស់ ក្នុងចេតនាប្រើប្រាស់មីនដើម្បីបម្រើនយោបាយ អាចនឹងបំផ្លាញទំនុកចិត្តរវាងភាគីទាំង២ ពិសេសប៉ះពាល់កិត្តិយសរបស់រដ្ឋភាគី និងស្មារតីអនុសញ្ញាអូតាវ៉ា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន។

សម្រាប់កម្ពុជាក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ដែលហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងគោរពតាមបទដ្ឋាននៃអនុសញ្ញាយ៉ាងខ្ជាប់ខ្ជួន ហើយកម្ពុជាក៏បានចាត់ទុកសកម្មភាពមីន ជាស្នូលនៃការអភិវឌ្ឍន៍ជាតិ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន៕

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានផ្សេងៗ