គណៈឱសថការីកម្ពុជា សម្រេចផ្អាកអាជ្ញាបណ្ណម្ចាស់ឱសថស្ថាន ប៊ីយូឃែរ ១២ខែ ក្រោយរកឃើញកំហុសវិជ្ជាជីវៈ ដោយបានដកថ្នាំពីអ្នកជំងឺវិញព្រោះខ្វះលុយ ៥០០រៀល

(ភ្នំពេញ)៖ គណៈឱសថការីកម្ពុជា បានសម្រេចផ្អាកអាជ្ញាបណ្ណម្ចាស់ឱសថស្ថាន ប៊ីយូឃែរ ដែលមានអាសយដ្ឋានលើមហាវិថីចោមចៅ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចំនួន ១២ខែ ក្រោយរកឃើញកំហុសវិជ្ជាជីវៈ ដោយបានដកថ្នាំពីអ្នកជំងឺវិញ ព្រោះខ្វះលុយ ៥០០រៀល។
នៅក្នុងសេចក្តីជូនដំណឹងរបស់គណៈឱសថការីកម្ពុជា នៅល្ងាចថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥នេះ បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីបានឃើញការផ្សព្វផ្សាយ ករណីឱសថស្ថានមួយកន្លែងដែលបានបង្ហោះវីដេអូលើបណ្តាញសង្គមកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងអតិថិជនម្នាក់មកទិញឱសថតម្លៃ ១៣ ៥០០រៀល ហើយអតិថិជនសុំតថ្លៃ ១៣ ០០០រៀល តែម្ចាស់ឱសថស្ថានមិនព្រមចុះថ្លៃជូន និងបានយកថ្នាំត្រលប់មកវិញ។

ក្រុមប្រឹក្សាគណៈឱសថការីភូមិភាគ១ បានអញ្ជើញលោកស្រីឱសថការី ម្ចាស់ឱសថស្ថាន ប៊ីយូយែរ ដែលមានអាសយដ្ឋានលើមហាវិថីចោមចៅ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាអ្នកបង្ហោះវីដេអូ និងជាឱសថការីទទួលបន្ទុក បច្ចេកទេសមកសាកសួរ និងបំភ្លឺលើករណីខាងលើ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥។
បន្ទាប់ពីបានធ្វើការសាកសួរ និងអង្កេតស្រាវជ្រាវរួចមក បានរកឃើញថា លោកស្រីឱសថការី គឹម សុជាតា ម្ចាស់ឱសថស្ថានប៊ីយូយែរ ពិតជាបានប្រព្រឹត្តកំហុសឆ្គង និងបានទទួលស្គាល់កំហុសរបស់ខ្លួន ដោយសូមសន្យា៖
ទី១៖ ធ្វើការសុំទោសជាសាធារណៈនូវកំហុសឆ្គងដែលបានប្រព្រឹត្ត
ទី២៖ នឹងគោរពក្រមសីលធម៌ឱសថការីឱ្យបានខ្ជាប់ខ្ជួន
ទី៣៖ ប្រសិនបើប្រព្រឹត្តផ្ទុយនឹងការសន្យាខាងលើ លោកស្រីនឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន
ដោយយោងលើការប្រព្រឹត្តខុសក្រមសីលធម៌ឱសថការី ក្រុមប្រឹក្សាគណៈឱសថការីភូមិភាគ១ បានសម្រេចផ្អាកអាជ្ញាបណ្ណឱសថការី ចំនួន១២ខែ ដោយមិនអនុញ្ញាតិឱ្យប្រកបវិជ្ជាជីវៈឱសថសាស្ត្រ និងអមវេជ្ជសាស្រ្តចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦៕



