ខេត្តកំពង់ចាម ប្រារព្ធទិវាជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៤…………

0
Spread the love
នៅព្រឹកថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងទិវាជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងជាតំណាង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ក៏ដូចជាអ្នក​ពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងសមត្ថភាពការងារគ្រប់គ្រងគ្រោះមហន្តរាយ រៀបចំធានាទាំងធនធានមនុស្ស មធ្យោបាយ សម្ភារ ថវិកា សម្រាប់ដំណើរការ ការងារ និងត្រៀមឆ្លើយតបគ្រោះមហន្តរាយ ក្រោមប្រធានបទ “ ការគ្រប់គ្រងគ្រោះមហន្តរាយ គឺសំដៅការពារ ការអភិវឌ្ឍន៍ និង សុខុមាលភាពរបស់ប្រជាជន”​។

ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានណែនាំដល់​គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវយកចិត្តទុកដាក់ ក្តាប់ឱ្យជាប់នូវស្ថានភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទ័លលំបាក ខ្វះខាតស្បៀង និងរងគ្រោះដោយមហន្តរាយផ្សេងៗ ហើយខិតខំស្វែងរកជំនួយ ជួយឧបត្ថម្ភ និងសង្គ្រោះបងប្អូន ឱ្យបានទាន់ពេលវេលា ។ ទន្ទឹមនេះ ត្រូវត្រៀមគ្រប់លក្ខណៈសម្បត្តិ ដើម្បីបង្ការ ឆ្លើយតប សង្គ្រោះបន្ទាន់ និងស្តារឡើងវិញ នូវផលប៉ះពាល់ទាំងឡាយ បណ្តាលមកពីគ្រោះមហន្តរាយ ក្រោយទឹកសម្រក ។
ជាមួយគ្នានោះ​ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានថ្លែងថា​ ការគ្រប់គ្រងគ្រោះមហន្តរាយ គឺជាការងារពហុវិស័យ ជាការងារប្រទាក់ក្រឡាពាក់ព័ន្ធគ្នា ស្ទើរគ្រប់ទិដ្ឋភាព សេដ្ឋកិច្ចសង្គម ដែលធ្វើឡើងប្រកបដោយបរិយាបន្ន។​ ហេតុនេះ គ្រប់វិស័យ គ្រប់ផ្នែក សុទ្ធតែមានការជាប់ពាក់ព័ន្ធ និងត្រូវចូលរួម ដោយផ្ទាល់ ឬ ដោយប្រយោល ក្នុងគ្រប់សកម្មភាព នៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនេះ ។​ បន្ថែមពីលើនេះ ការរួមចំណែកឧបត្ថម្ភគាំទ្រ ជាធនធាន សម្ភារ មធ្យោបាយ ថវិកា ដល់អាជ្ញាធរ ក្នុងការឆ្លើយតបគ្រោះមហន្តរាយ ពីសំណាក់ប្រជាពលរដ្ឋ ដៃគូរអភិវឌ្ឍន៍ សប្បុរសជន នៅតែជាភាពចាំបាច់ ដែលមិនអាចកាត់ផ្តាច់បាន ហើយមិនមែនត្រឹមតែជាកិច្ចការមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាជាចំណែកមួយ​ ដើម្បីរួមគ្នាការពារសុខសន្តិភាព និងសេដ្ឋកិច្ចសង្គម របស់ជាតិយើងទាំងមូល ។

 

ក្នុងឱកាសនោះដែរ​ លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះអភិបាល/អភិបាលរង គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម​ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយនេះឡើង​ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងក្រើនរំលឹកអំពីសារសំខាន់ នៃការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ ដែលជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់គ្រោះមហន្តរាយ បញ្ចៀសការបាត់បង់អាយុជីវិត ផលប៉ះពាល់ដល់ជីវភាពរស់នៅ សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធសង្គម​ផងដែរ​ ៕
+68
All reactions:

37

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានផ្សេងៗ