យោធភូមិភាគទី៥កម្ពុជា បំភ្លឺលើការចោទប្រកាន់ពាក់ព័ន្ធនឹងករណីរុះរើផ្ទះ១ខ្នង នៅអូរភ្លុកដំរី ..!!

យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្ដីបំភ្លឺជុំវិញការចោទប្រកាន់ពាក់ព័ន្ធនឹងករណីរុះរើផ្ទះ១ខ្នង នៅអូរភ្លុកដំរី ថាជាការកាត់ដីកម្ពុជាទៅឱ្យប្រទេសថៃនោះ គឺ«ជាការមិនពិតទេ»។ យោធភូមិភាគទី៥ បានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឱ្យបានជាដាច់ខាត។

នៅថ្ងៃទី២៦ កញ្ញា យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បំភ្លឺដូច្នេះ៖«ការចោទប្រកាន់ពាក់ព័ន្ធនឹងករណីរុះរើ ផ្ទះ១ខ្នង នៅចំណុចអូរភ្លុកដំរី ថាជាការកាត់ដីកម្ពុជាទៅឱ្យប្រទេសថៃនោះ គឺជាការមិនពិត និងប្រាស់ចាកទាំងស្រុងពីស្មារតី នៃខ្លឹមសារលិខិតលេខ ០០២/២០២៥ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ និងគ្មានមូលដ្ឋានផ្លូវច្បាប់ ដោយហេតុថាការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន គឺជាសមត្ថកិច្ចរបស់គណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ»។
បើតាមយោធភូមិភាគទី៥ ការអះអាងអំពីសមត្ថកិច្ចនេះ ក៏បានបញ្ជាក់បន្ថែមផងដែរ នៅក្នុងខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ GBC ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។ ជាមួយគ្នានេះ យោធភូមិភាគទី៥ បានគូសបញ្ជាក់ថា កម្ពុជានិងថៃ គឺមានមូលដ្ឋានគ្រប់គ្រាន់ និងច្បាស់លាស់ទាំងមូលដ្ឋានច្បាប់ យន្តការស្ថាប័ន និងវិធានការបច្ចេកទេសសម្រាប់ដោះស្រាយបញ្ហាព្រំដែន រវាងប្រទេសទាំងពីរ។
«ជាពិសេសផែនទីមាត្រដ្ឋាន ១/២០០.០០០ យោងតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧ ព្រមទាំងមានការបោះបង្គោលជាមួយគ្នាចំនួន ៧៤បង្គោល ហើយភាគីទាំងពីរកម្ពុជា-ថៃ បានទទួលស្គាល់ និងបញ្ជាក់ឡើងវិញនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ (MOU2000)»។ នេះជាការបន្ថែមក្នុងសេចក្ដីបំភ្លឺ។
ទន្ទឹមនឹងនេះ យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការ ការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឱ្យបានជាដាច់ខាត និងប្រកាសគាំទ្រការដោះស្រាយបញ្ហា ព្រំដែនតាមមធ្យោបាយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ៕