ជំនន់ទឹកភ្លៀង បានធ្វើឲ្យពលរដ្ឋជាង ៧ពាន់គ្រួសាររងផលប៉ះពាល់ ក្នុងខេត្តចំនួន ៨របស់កម្ពុជា ..!!

0
Spread the love

ពលរដ្ឋជាង ៧ពាន់គ្រួសារ ក្នុងខេត្តចំនួន ៨របស់កម្ពុជា បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង

 ទឹកជំនន់នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី។ រូបថត៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី

ភ្នំពេញ៖ ពលរដ្ឋប្រមាណ ៧ ៥០៣គ្រួសារ ស្ថិតក្នុងខេត្តកំពង់ធំ, ព្រៃវែង,បន្ទាយមានជ័យ, រតនគិរី, មណ្ឌលគិរី, ស្ទឹងត្រែង, ក្រចេះ និងសៀមរាប បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ នេះបើតាមការឱ្យដឹងពី លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយបញ្ជាក់ថា ស្ថានភាពជំនន់នៅពេលនេះ មិនធ្ងន់ធ្ងរនោះទេ ហើយក៏មិនទាន់បង្កឱ្យមនុស្សស្លាប់ដែរ។

លោក សុទ្ធ គឹមកុលមុនី បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃទី២៥ ខែកញ្ញាថា ប៉ុន្មានថ្ងៃមកនេះ កម្ពុជាបានរងឥទ្ធិពលព្យុះ ដែលធ្វើឱ្យមានភ្លៀងធ្លាក់ពីកម្រិតបង្គួរទៅច្រើន រាយប៉ាយទូទាំងប្រទេស។ ការណ៍នេះ បានបង្កឱ្យមានជំនន់ទឹកភ្លៀងក្នុងខេត្តចំនួន៨របស់កម្ពុជា។

គិតត្រឹមថ្ងៃទី ២៥ ខែកញ្ញា ជំនន់ទឹកភ្លៀង បានបង្កផលប៉ះពាល់ស្រុកចំនួន ២៥ ឬស្មើ ៧៧ឃុំ ស្ថិតក្នុងខេត្តចំនួន៨  រួមមាន កំពង់ធំ, ព្រៃវែង,បន្ទាយមានជ័យ, រតនគិរី, មណ្ឌលគិរី, ស្ទឹងត្រែង, ក្រចេះ និងសៀមរាប។ គ្រោះមហន្តរាយនេះ បានធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ ៧ ៥០៣គ្រួសារ ក្នុងនោះ ៥គ្រួសារ ត្រូវបានអាជ្ញាធរជម្លៀសទៅទីទួលសុវត្ថិភាព និងប៉ះពាល់ផ្ទះ ៤ ៥៥៦ខ្នង។ ចំណែក ដំណាំស្រូវបានរងប៉ះពាល់ ៥ ០៤៧ហិកតា​ ក្នុងនោះខូច ១ ០៩៦ហិកតា, ប៉ះពាល់ដំណាំរួមផ្សំ ១ ៨៣២ហិកតា និងបាក់ច្រាំងចំនួន ២កន្លែង ស្មើនឹង ៨៦៥ម៉ែត្រ។

ជំនន់ទឹកភ្លៀងនៅពេលនេះ មិនបានឱ្យមនុស្សបាត់បង់អាយុជីវិតនោះទេ ដ្បិតអាជ្ញាធរត្រៀមលក្ខណៈគ្រប់គ្រាន់ និងអន្តរាគមន៍ទាន់ពេលវេលា។ នេះជាការអះអាងរបស់ លោក សុទ្ធ គឹមកុលមុនី ដោយបន្តអំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈអន្តរាគមន៍បន្ថែមទៀត ស្របពេលកម្ពុជាបន្តមានភ្លៀងធ្លាក់កាន់តែច្រើន។

លោក បានបញ្ជាក់ដូច្នេះថា៖«ស្ថានភាពនៃផលប៉ះពាល់មិនមានលក្ខណៈធ្ងន់ធ្ងរនោះទេ ព្រោះថា ទឹកលិចតែតំបន់ទឹកឆ្លងកាត់ ហើយការលិចនោះមានរយៈពេលខ្លី ដូច្នេះ ផលប៉ះពាល់ជារួមមិនមានលក្ខណៈធ្ងន់ធ្ងរទេ។ ទន្ទឹមនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏ដូចជាប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ បានចូលរួមអន្តរាគមន៍ និងឆ្លើយតបយ៉ាងមានប្រសិទ្ធភាពផងដែរ»។

យោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែកញ្ញា កម្ពុជាបន្តធ្លាក់ភ្លៀង លាយឡំផ្គររន្ទះ និងខ្យល់កន្រ្តាក់ គ្របដណ្ដប់ចន្លោះពី ៧០ទៅ៨០ភាគរយ ចាប់ពីថ្ងៃទី ២៦ ខែកញ្ញា ដល់ថ្ងៃទី ២ ខែតុលា។ គ្រោះធម្មជាតិទាំងនេះ កើតចេញពីព្យុះចំនួន ៣ រួមមាន ព្យុះទី១៨ មានឈ្មោះថា រ៉ាហ្គាសា(Ragasa)T2518, ព្យុះទី១៩ ឈ្មោះ នេហ្គារី(Neoguri)T2519 និងព្យុះទី២០ ឈ្មោះ ប៊ូឡូយ (Bualoi)T2520។ យ៉ាងណា គន្លងដើររបស់ព្យុះទាំង៣នេះ ពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជានោះទេ៕

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានផ្សេងៗ