បាត់ទៅរាប់ទសវត្សរ៍ ! ទីបំផុត វត្ថុបុរាណខ្មែរចំនួន២៨រូប ត្រូវបញ្ជូនមកមាតុភូមិវិញ

0
Spread the love

ភ្នំពេញ៖​ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូង នៃទីក្រុងញូវយ៉ក និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក បានដំណើរការក្ដីក្នុងតុលាការ ពាក់ព័ន្ធនឹងវត្ថុបុរាណខ្មែរចំនួន២៨រូបដែលបានរឹបអូសពីអ្នកកាន់កាប់សមុច្ច័យឯកជន។វត្ថុបុរាណទាំងនោះមានជាអាទិ៍រូបចម្លាក់ព្រះគណេសដែលគេជឿជាក់ថាមានប្រភពមកពីប្រាសាទបាក់ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ផ្អែកតាមសាក្សីបានបញ្ជាក់ថារូបចម្លាក់នេះត្រូវបានលួចយកចេញពីប្រាសាទអស់រយៈពេលប្រមាណពីរទសវត្សរ៍មកហើយ។

ក្នុងឆ្នាំ២០២១អង្គការសម្ព័ន្ធភាពបុរាណវត្ថុ(AntiquitiesCoalition)បានចាត់ទុកបដិមាព្រះគណេសនេះជារូបចម្លាក់ដ៏ប្រណិតមួយដែលពិភពលោកចង់បានបំផុតក្នុងចំណោមវត្ថុទាំង១០ដែលត្រូវបានគេលួច។លោកស្រីភឿងសកុណារដ្ឋមន្ត្រីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានលេីកឡេីងថារូបចម្លាក់ព្រះគណេសនេះគឺជាគំរូដ៏ល្អឯកមួយទៀតរបស់បុព្វបុរសខ្មែរយើង។ព្រះគណេសគឺជាទេពហិណ្ឌូដែលមានព្រះសិរជាសត្វដំរីនិងត្រូវបានគេស្គាល់យ៉ាងទូលំទូលាយអំពីឬទ្ធិអំណាចរបស់ព្រះ អង្គ ជាទេពនៃចំណេះដឹងនិងកំចាត់ឧបសគ្គ ហើយការវិលត្រឡប់មកមាតុប្រទេសវិញគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់កម្ពុជា។ក្រៅពីនេះក៏មានវត្ថុបុរាណដទៃទៀត​ ដូចជា ព្រះពុទ្ធបដិមាធ្វើពីថ្មភក់ សតវត្សរ៍ទី៧-៨, បដិមា ព្រះវិស្ណុ ធ្វើពីថ្មភក់ សតវត្សទី១០ និងបដិមាព្រះនាងលក្ស្មីធ្វើពីសំរិទ្ធសតវត្សទី១០។

ការបញ្ជូនត្រឡប់មកវិញនេះបញ្ជាក់ពីការបន្តប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការស្វែងរកនិងនាំយកមកវិញនូវព្រលឹងរបស់បុព្វបុរសខ្មែរដែលបានចាកឆ្ងាយពីមាតុភូមិកំណើតអស់ជាច្រើនឆ្នាំក្នុងអំឡុងសម័យសង្គ្រាម។លោកស្រីបានបញ្ជាក់ថាជាសេចក្តីរំភើបរីករាយដែលអ្នកកាន់កាប់សម្មុច្ច័យកម្ពុជាឯកជនបានយល់ព្រមផ្តល់កិច្ចសហការជាមួយអាជ្ញាធរសហរដ្ឋអាមេរិកក្នុងការបញ្ជូនមកវិញនូវសមុច្ច័យដ៏សំខាន់នៃរូបចម្លាក់ខ្មែរដែលបានទិញពីអ្នកកាន់កាប់និងជួញដូរវត្ថុបុរាណគឺលោកDouglasLatchford។ការប្រគល់មកវិញនូវសមុច្ច័យនេះជាគំរូមួយហើយលោកស្រីជំរុញលើកទឹកចិត្តដល់អ្នកដែលកំពុងកាន់កាប់សមុច្ច័យឯកជនដទៃទៀតសារមន្ទីរនានាសូមទាក់ទងមកដើម្បីពិភាក្សាអំពីការប្រគល់មកប្រទេសកំណើតវិញ។លោកស្រីរដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរនិងអរគុណដល់អ្នកពាក់ព័ន្ធនានាក្នុងការនាំយកមកវិញនូវសមុច្ច័យដ៏មានតម្លៃទាំងនេះ។

ក្រៅពីនេះលោកស្រីក៏បានអរគុណនិងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិក,ការិយាល័យសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកនិងអាជ្ញាធរពាក់ព័ន្ធនានាទាំងនៅក្នុងនិងនៅក្រៅប្រទេស ជាពិសេសស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ និងក្រុមការងាររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត៕

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានផ្សេងៗ