ច្រើនណាស់! ឃាត់ខ្លួន៤នាក់ រឹបអូសគ្រឿងញៀន ប្រមាណ៦៥ គីឡូក្រាម ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ
ភ្នំពេញ៖ ជនសង្ស័យ ចំនួន៤នាក់ រួមមានខ្មែរម្នាក់ និងថៃ៣នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន និងរឹបអូសគ្រឿងញៀន ជិត៦៥ គីឡូក្រាម ព្រមទាំងអាវុធ ចំនួន៣ដើម នៅក្នុងប្រតិបត្តិការបង្រ្កាបចំនួនពីរគោលដៅ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ នេះបើយោងតាមរបាយការណ៍ពីសមត្ថកិច្ច នៅថ្ងៃទី៧ ខែមីនានេះ។សមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ក្នុងប្រតិបត្តិការ បានធ្វើឡើងកាលពីវេលាម៉ោង១៣:១០នាទី នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ដោយសមត្ថកិច្ច បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ បង្រ្កាប ២គោលដៅផ្សេងគ្នា ក្នុងនោះ គោលដៅទី១ នៅចំណុច ស្ថានីយប្រេងឥន្ទន:តេឡា ផ្លូវបេតុង ស្ថិតក្នុង ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់បានជនសង្ស័យម្នាក់ឈ្មោះ ទិន ទី និងរឹបអូសរថយន្ត១គ្រឿង និងសារធាតុញៀនប្រមាណជាង៦០គីឡូក្រាម ។
ចំណែកនៅគោលដៅទី២ ឃាត់បានរថយន្ត០២គ្រឿង និងជនសង្ស័យ០៣នាក់ និង អាវុធ០៣ដើម( វែង១ដើម ខ្លី២ដើម ) នៅចំណុច បូរីពិភពថ្មី ផ្លូវ១៥B សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។សមត្ថកិច្ចបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ ដកហូតបានសារធាតុញៀន រួមមាន៖-មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ៤២គីឡូនិង៧៥៩.៨៤ក្រាម។
-ហេរ៉ូអ៊ិន(HEROIN)ទម្ងន់សុទ្ធ ២១គីឡូ និង១២០ក្រាម។-អាវុធAK ១ដើមនិងអាវុធខ្លី២ដើម និងរថយន្ត ៣គ្រឿង។បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាង បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានី តាមនីតិវិធី៕