ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៅមន្ទីរទេសចរណ៍ខេត្តកំពង់ចាម
នាព្រឹកថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៅមន្ទីរទេសចរណ៍ខេត្តកំពង់ចាម ដើម្បីស្តាប់នូវរបាយការណ៍សង្ខេប បញ្ហាប្រឈម ចំណុចខ្លាំង ចំណុចខ្វះខាត និងសំណូមពររបស់មន្ទីរទេសចរណ៍ ក្នុងគោលដៅពង្រឹងវិស័យទេសចរណ៍នៅក្នុងខេត្ត តួយ៉ាងខេត្តកំពង់ចាម កំពុងទទួលបាននូវជ័យលាភីទីក្រុងស្អាតចំនួន ៣លើកមកហើយ ជាពិសេស ក្រុងកំពង់ចាម ទើបតែប្រកាសជាផ្លូវការ “ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី” ដែលជាផ្នែកដ៏សំខាន់សម្រាប់វិស័យទេសចរណ៍ និងមានរមណីយដ្ឋានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ ដ៏សម្បូរបែប បរិស្ថានអនាម័យល្អ សុខសុវត្ថិភាព និងមានសក្តានុពលខ្ពស់ ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិពីគ្រប់មជ្ឈដ្ឋាន។