អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ៖ ២សប្តាហ៍មកនេះ ករណីក្មេងទំនើងមានតិចបំផុតនៅទូទាំងប្រទេស …..

0
Spread the love

ភ្នំពេញៈ រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៨ ខែតុលា ករណីក្មេងទំនើងនៅទូទាំងប្រទេស មានសភាពស្ងប់ស្ងាត់គួរឱ្យកត់សម្គាល់ និងស្ទើរតែគ្មានករណីណាកើតឡើងទាល់តែសោះ និយាយរួមគឺមានត្រឹមជាង ១០ករណីតែប៉ុណ្ណោះ ហើយក៏គ្មានការរំខានណាមួយដល់ប្រជាពលរដ្ឋដែរ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃ:។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានកត់សម្គាល់ថា នេះជាលទ្ធផលមួយគួរឱ្យស្ងប់ស្ងែងជាទីបំផុត ហើយជាមូលហេតុមួយ ដែលបណ្តាយុវជន ក៏ដូចជាក្រុមក្មេងទំនើងមួយចំនួន ហាក់មានការយល់ដឹងច្រើន និងជ្រួតជ្រាបនូវអ្វីដែលជាផលចំណេញ ស្វែងរកនូវចំណេះជំនាញ ដើម្បីបំពេញតម្រូវការរបស់ខ្លួន ដោយបានងាកទៅអនុវត្តការងារដែលត្រឹមត្រូវ ប្រព្រឹត្តនូវទង្វើល្អៗ ដែលជាប្រយោជន៍ដល់គ្រួសារ និងប្រទេសជាតិ។
លោកបន្ថែមថា នេះគឺជាប្រការមួយដ៏ល្អ ក្នុងការចូលរួមស្តាប់បង្គាប់ និងអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំកំពូលៗ ជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ជំរុញឱ្យអនុវត្តយ៉ាងសកម្មនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។
បើតាមលោកបណ្ឌិត ទូច សុឃៈ ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងយុវជន សិស្សានុសិស្ស ក៏ដូចជាអាណាព្យាបាល លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ព្រមទាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គឺបានបញ្ជាក់ពីឥទ្ធិពលនៃការផ្សព្វផ្សាយគោលនយោបាយ-ភូម-ឃុំ-សង្កាត់-មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាល កំពុងរីកដុះដាលជាខ្លាំង និងទទួលលទ្ធផលគួរជាទីគាប់ប្រសើរ ក្នុងនោះ កម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានដើរតួនាទីសំខាន់ក្នុងការធានាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូល។
ឆ្លើយតបទៅនឹងគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ចេញនូវទិសដៅអាទិភាព ចំនួន ៦ ព្រមទាំងបានចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតដល់អគ្គស្នងការដ្ឋាននគរបាលជាតិ បង្កើនការយកចិត្តទុកដាក់ទប់ស្កាត់ បង្ការ និងបង្រ្កាបនូវរាល់បទល្មើសផ្សេងៗក្នុងសង្គម ស្របតាមទិសស្លោក «អ្វីៗធ្វើដើម្បីភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»៕

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានផ្សេងៗ