ពិធីបើក «វេទិកាទេសចរណ៍ កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤» ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ….

0
Spread the love

ខេត្តសៀមរាប៖ នៅសណ្ឋាគារបុរីអង្គរ ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាទេសចរណ៍ កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមតំណាង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប តំណាងលោកជំទាវឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ភាគីពាក់ព័ន្ធ ក្រសួង ស្ថាប័ន អន្តរវិស័យ វិស័យឯកជនកម្ពុជានិងឥណ្ឌា ប្រមាណ ៤០០នាក់ ដើម្បីរួមគ្នាពិភាក្សាអំពីចំណុចខ្លាំង កាលានុវត្តភាព បញ្ហាប្រឈម ទស្សនវិស័យ និងការដាក់ចេញនូវអនុសាសន៍នានា ដើម្បីជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

ថ្លែងក្នុងវេទិកាដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអង្គពិធីថា «វេទិកាទេសចរណ៍ កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤» នេះ ស្ថិតនៅក្រោមក្របខណ្ឌនៃយុទ្ធនាការ «ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤» ដែលទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានប្រកាសបើកជាផ្លូវការ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងញូដេលី សាធារណរដ្ឋឥណ្ឌា ស្របជាមួយការបើកជើងហោះហើរត្រង់ជាប្រវត្តិសាស្ត្រ រវាងប្រទេសទាំងពីរដោយក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរ អ៊ែរ និងការភ្ជាប់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា Indigo រវាងទីក្រុងញូដេលី-ភ្នំពេញ និងទីក្រុងកុលកាតា-សៀមរាប នាខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានយកវេទិកានេះ ស្នើដល់ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា និងវិស័យឯកជនប្រទេសទាំងពីរ ដែលមានវត្តមានយ៉ាងច្រើនកុះករក្នុងវេទិកានេះ បន្តសហការរៀបចំកម្មវិធី ក៏ដូចជាជួយផ្សព្វផ្សាយពីសភាពការពិតរបស់កម្ពុជា កត្តាសន្តិសុខ វប្បធម៌ និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា នៅតាមបណ្តាញព័ត៌មាន និងបណ្តាញសង្គមដែលនិយមប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌា និងសហគមន៍ឥណ្ឌា ដើម្បីលើកស្ទួយកម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព (Safe Destination) និងទាក់ទាញភ្ញៀវទេសចរពីឥណ្ឌាបន្ថែមទៀត។ថ្លែងមុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ក៏សូមអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សូមចូលរួមទាំងអស់គ្នាជាមួយក្រសួងទេសចរណ៍ ក្នុងយុទ្ធនាការ៖ ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា-ឥណ្ឌា ម្នាក់!, ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍!

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានផ្សេងៗ