អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អង្គភាពថ្មីក្រសួងមហាផ្ទៃ ស្របតាមមុំនៃយុទ្ធសាស្រ្តបញ្ចកោណ! 

0
Spread the love

រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបង្កើតអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ។ អគ្គនាយកដ្ឋានថ្មីនេះ ត្រូវបានរាជរដ្ឋាភិបាល បង្កើតឡើងទន្ទឹមគ្នានឹងអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ ក្នុងគោលដៅឆ្លើយតបយុទ្ធសាស្រ្តបញ្ចកោណ ត្រង់មុំ ធនធានមនុស្ស និងបច្ចេកវិទ្យាឌីជីថល។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

យោងតាមអនុក្រឹត្យលេខ២៧៩ អនក្រ.បក ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ត្រូវបានបង្កើតឡើងដោយមានការផ្ទេរនាយកដ្ឋានពីអង្គភាពផ្សេង ចំនួន ២ មកជាចំណុះ រួមមាន៖ នាយកដ្ឋានព័ត៌មានវិទ្យាពីអគ្គលេខាធិការដ្ឋាន នាយកដ្ឋានផ្សព្វផ្សាយអប់រំ និងស្ថានីយ៍វិទ្យុនិងទូរទស្សន៍មហាផ្ទៃ ពីអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ។

បើតាមលោកបណ្ឌិត ទូច សុឃៈ អនុក្រឹត្យដដែលបានកំណត់ទៀតថា អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ មានរចនាសម្ព័ន្ធ ចំនួន ៧ រួមមាន៖ ១. នាយកដ្ឋានរដ្ឋបាលសរុប ២. នាយកដ្ឋានបណ្តុះបណ្តាល និងអភិបាលកិច្ចបច្ចេកវិទ្យាឌីជីថល ៣. នាយកដ្ឋានអភិវឌ្ឍកម្មវិធី និងនវានុវត្តន៍ឌីជីថល ៤. នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ៥. នាយកដ្ឋានសន្តិសុខសាយប័រ ៦. នាយកដ្ឋានផ្សព្វផ្សាយអប់រំ ៧. ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ (ថ្នាក់ស្មើនាយកដ្ឋាន)។

តួនាទី និងភារកិច្ចអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ត្រូវបានកំណត់ក្នុងអនុក្រឹត្យលេខ៣០៣ អនក្រ.បក ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។ ផ្អែកតាមអនុក្រឹត្យ អគ្គនាយកដ្ឋាននេះ មានតួនាទីភារកិច្ចធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ ក្នុងការដឹកនាំ គ្រប់គ្រង សម្របសម្រួលគោលនយោបាយ អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ សុវត្ថិភាព បច្ចេកវិទ្យាឌីជីថល ការងារបណ្តុះបណ្តាល ស្រាវជ្រាវ នវានុវត្តន៍ និងផ្សព្វផ្សាយអប់រំពាក់ព័ន្ធវិស័យបច្ចេកវិទ្យាឌីជីថល។ តួនាទីភារកិច្ចលម្អិត សូមស្វែងយល់អនុក្រឹត្យលេខ៣០៣។

គួរបញ្ជាក់ថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អតីតអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ និងជាអតីតប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់សេចក្ដីទុកចិត្តទូលថ្វាយព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាអគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ។ បច្ចុប្បន្ន ក្រសួងមហាផ្ទៃ មានអគ្គនាយកដ្ឋាន និងអង្គភាពប្រហាក់ប្រហែល សរុបចំនួន ១៥៕

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានផ្សេងៗ