វីរកងទ័ព​ ដែលរងរបួសចំភ្នែក ត្រូវបានបញ្ជូនមកមន្ទីរពេទ្យអង្គឌួងទាំងយប់..!!

0
Spread the love

វីរកងទ័ព​ ដែលរងរបួសចំភ្នែក ត្រូវបានបញ្ជូនមកមន្ទីរពេទ្យអង្គឌួងទាំងយប់

រូបភាព៖ ហ្វេសប៊ុក លោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ

វីរកងកងទ័ពខ្មែរម្នាក់ ដែលរងរបួសភ្នែកខាងស្តាំ ក្នុងហេតុការណ៍ប៉ះទង្គិចគ្នានៅ​ភូមិព្រៃ​ចាន់ ឃុំអូរបីជាន់ កាលពីល្ងាចថ្ងៃទី១៧ កញ្ញា បានទទួលការសង្គ្រោះបឋមពីក្រុមគ្រូពេទ្យ មុន​នឹងបញ្ជូនបន្តទាំងយប់ មកកាន់​មន្ទីរពេទ្យព្រះអង្គឌួង នៅរាជធានីភ្នំពេញ។ លោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ដូច្នេះនៅគណនី​ហ្វេសប៊ុក​​។

-តាមសំណេរដដែល លោក ឡេ ច័ន្ទសង្វាត បញ្ជាក់ថា យ៉ាងហោចមាន ពលរដ្ឋ និងព្រះសង្ឃសរុប ២៩ អង្គ/នាក់ បានរងរបួសធ្ងន់ និងស្រាល។ ពាក់ព័ន្ធនឹងករណីនេះ ក្រសួងការពារជាតិ នៅយប់ថ្ងៃទី១៧ ខែកញ្ញា បានគូសបញ្ជាក់ ថា កម្លាំង​ចម្រុះថៃ បានប្រើ​រថយន្តបំពាក់ឧបករណ៍​បំពងសំឡេង និងកាំភ្លើងបាញ់ឧស្ម័នបង្ហូរ​ទឹក​​ភ្នែក មកលើកងកម្លាំង និង​ពលរដ្ឋកម្ពុជា ដែលហេតុការណ៍នេះ កើតឡើងតែប៉ុន្មាន​​នាទីប៉ុណ្ណោះ ក្រោយការចាកចេញ របស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំ​ដោយប្រទេសម៉ាឡេស៊ី ដែល បានចុះសង្កេតការណ៍នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរ​ជ្រៅ។

-ក្រសួងការពារជាតិ​បញ្ជាក់ដូច្នេះថា៖ «លុះដល់ម៉ោង១៦:២០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំង​ចម្រុះ​​របស់ភាគីថៃបានប្រើប្រាស់ រថយន្តបំពាក់ឧបករណ៍បំពងសំឡេង និងកាំភ្លើងបាញ់​ឧស្ម័នបង្ហូរទឹកភ្នែកមកលើកងកម្លាំង និងប្រជាពលរដ្ឋកម្ពុជា ក្រោយពីក្រុមអ្នក​សង្កេត​ការណ៍​​អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី បានចុះ សង្កេតការណ៍ នៅភូមិ​ព្រៃ​ចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដើម្បីសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាព​ព្រំ​ដែន នៅវេលាម៉ោង ១៣:៥៧នាទីរសៀល ហើយទើបតែបានចាកចេញពីទីតាំងនោះមិន បានប៉ុន្មាននាទីផង។»។​

រូបភាព៖ ហ្វេសប៊ុក លោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ

នៅម៉ោងប្រមាណ ១៩ និង២២នាទីយប់ថ្ងៃ១៧កញ្ញាដដែល ក្រុមអ្នកសង្កេតការណ៍​អន្តរ​កាល (IOT) ដដែល បាន ​នចុះទៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយ​មានជ័យម្តងទៀត ដើម្បីពិនិត្យទីកន្លែង នៃការផ្ទុះការប៉ះទង្គិច​ដែលបង្កឡើងដោយភាគី​ថៃ។ នេះបើតាមក្រសួងការពារជាតិកម្ពុជា ដែលបានចាត់ទុកទង្វើរបស់​កម្លាំងចម្រុះ​​ថៃ ថា ជាការរំលោភបំពានយ៉ាង​ធ្ងន់​ធ្ងរ លើស្មារតីនៃបទឈប់បាញ់ និងគោលការណ៍ទាំងឡាយ​ដែលភាគី​ទាំងពីរបានឯកភាព​គ្នា នៅក្នុងកិច្ចប្រជុំ GBC និង RBC ទាំងអស់កន្លងមក។

​ការយកច្បាប់អាជ្ញាសឹក និងច្បាប់ក្នុងស្រុករបស់ថៃ មកអនុវត្តក្នុងដែនអធិបតេយ្យរបស់​កម្ពុជា គឺជាការបំពានយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យកម្ពុជា និងច្បាប់អន្តរជាតិ ក្នុងនោះ​រួម​ទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហ​ប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ និងគោលការណ៍ច្បាប់ដែលទទួលស្គាល់​ជាសកលដទៃ​ទៀត។ ទន្ទឹមនឹងនេះ កម្ពុជាស្នើឱ្យភាគីថៃ គោរពឱ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវស្មារតី​នៃ​បទឈប់បាញ់ ក៏ដូចជាការ​ព្រមព្រៀងទាំងឡាយ នៃកិច្ចប្រជុំ​ GBC និងកិច្ចប្រជុំ​ RBC កន្លងមក។

គួរបញ្ជាក់ដែរថា ហេតុការណ៍ប៉ះទង្គិចគ្នានេះ កើតឡើងដោយសារកម្លាំងចម្រុះថៃ ​ រួមមាន​កម្លាំង​តម្រួត​ព្រំ​ដែន ទាហានប៉ារ៉ា ទាហានឈុតខ្មៅ នគរ​បា​ល និង​ពលរដ្ឋស្រុកគោកធ្យូង ​ប្រ​ហែល​​ ៣០០នាក់ មានអាវុធគ្រប់ដៃ និងមានឧបករណ៍​សម្រាប់​ទប់ស្កាត់បាតុកម្ម ខ្លះទៀត​មាន​ជំពាមកៅស៊ូ បានចូលមក​​រាយ​បន្លាលួស នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅ​ម៉ោង៣ និង៣០នាទីរសៀល​ថ្ងៃទី១៧ ខែកញ្ញា។

ឆ្លើយតបនឹងសកម្មភាពបំពាន​នេះ ពលរដ្ឋកម្ពុជា បានតវ៉ា និងឆ្លើយតប​ដោយ​​សន្តិ​វិធី ដើម្បី​ការ​ពារដែនអធិបតេយ្យរបស់កម្ពុជា ព្រមទាំងទ្រព្យសម្បតិ្តស្របច្បាប់​ដែលពួកគាត់​បាន​គ្រប់​គ្រង និងអាស្រ័យផលជាច្រើនឆ្នាំមកហើយ។

ក្នុងអំឡុងពេលនោះ ​​កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចចម្រុះរបស់កម្ពុជា ដែលមិន​ប្រ​ដាប់​ដោយអាវុធ ក៏​មានវត្តមាននៅទីកន្លែងកើតហេតុនោះ​ដែរ ដើម្បីការពារ​សុវត្ថិភាព​ជូន​​​​ពលរដ្ឋខ្លួន ​ដោយប្រកាន់ខ្ជាប់​បំផុតនូវការគោរព និងការអនុវត្តបទឈប់បាញ់ រួមទាំង​គោលការណ៍​ដែលកម្ពុជា-ថៃបានឯកភាពគ្នា៕

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានផ្សេងៗ