Breaking News: ឃាត់ខ្លួនប្រធានគ្រប់គ្រងមួយផ្នែកនៃសាលាខ្មែរឥស្លាម ដែលពាក់ព័ន្ធការចាប់រំលោភកូនសិស្ស
ភ្នំពេញ៖ កម្លាំងនគរបាលជំនាញ បានឃាត់ខ្លួនជនល្មើស ឈ្មោះ កាម៉ារូទីន ស៊ូហៃមី ជាប្រធានគ្រប់គ្រងមួយផ្នែកនៃសាលាខ្មែរឥស្លាម នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី រំលោភបំពានផ្លូវភេទកុមារីជាសិស្សសាលាខ្មែរឥស្លាម បន្ទាប់ពីបែកធ្លាយតាមបណ្តាញសង្គម កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។
យោងតាមការឱ្យដឹងពី នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឱ្យដឹងថា កម្លាំងជំនាញ បានស្រាវជ្រាវរកឃើញកុមារីសិស្សសាលាខ្មែឥស្លាមរងគ្រោះចំនួន៤នាក់ (អាយុ១៣ឆ្នាំ១នាក់ អាយុ១៤ឆ្នាំ ១នាក់ និងអាយុ១៥ឆ្នាំ ២នាក់) ត្រូវបានជនសង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី ភេទប្រុស អាយុ៣៣ឆ្នាំ ជានាយកគ្រប់គ្រងសាលាខ្មែរឥស្លាម បានប្រព្រឹត្តបទល្មើសប្រទូស្តកេរិ៍ និងរំលោភសេពសន្ថវ: ក្នុងនោះដាក់បណ្តឹង ២នាក់ មិនដាក់បណ្តឹង២នាក់ និងសាក្សី ៤នាក់ផ្សេងទៀត បានមកបំភ្លឺផ្តល់ព័ត៌មាននេះ។
សង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី ត្រូវបាននាំមកស្តាប់ចម្លើយ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ តែមិនឆ្លើយសារភាព គេចវេសពីការទទួលខុសត្រូវ។ ក្រោយការសួរចម្លើយ ព្រះរាជអាជ្ញា បានអនុញ្ញាតសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់។ ទន្ទឹមនេះ សមត្ថកិច្ចនៅបន្តស្រាវជ្រាវរកភស្តុតាងបន្ថែមទៀត និងស្វែងរកកុមាររងគ្រោះផ្សេងទៀត ផងដែរ៕