ជីវិតអើយជីវិត! ឪពុកម្តាយដាក់សម្ពាធពេក នារីរូបស្រស់ទាល់គំនិតមកលើស្ពានផ្អើល
ភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប្រជាពលរដ្ឋបានប្រទះឃើញនារីវ័យក្មេងម្នាក់អង្គុយយំលើបង្កាន់ស្ពាន រួចបម្រុងលោ.តទឹកសម្លា.ប់ខ្លួន ក៏ឈប់ម៉ូតូហើយស្ទុះទៅចាប់នាងឱ្យចុះមកវិញ បន្ទាប់មកសួរនាំទើបដឹងថា នាងមកលោ.តទឹកនេះគឺជាលើកទី២ហើយ ព្រោះតែពិបាកចិត្តរឿងគ្រួសារ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
បើតាមប្រភពពីនារីរងគ្រោះបានឲ្យដឹងថា នាងមានឈ្មោះ ស្រី នីន អាយុ១៩ឆ្នាំ ស្នាក់ផ្ទះជួលសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ និងបានរៀបរាប់ពីដំណើររឿងអោយដឹងថា មូលហេតុដែលនាងគិតខ្លីចង់បញ្ចប់ជីវិតនោះ គឺដើម្បីគេចពីបញ្ហា ព្រោះតែគ្រួសារនាងដាក់សម្ពាធមកលើនាងពេក ប៉ាម៉ាក់ឈ្លោះលែងលះគ្នាទុកអោយនាងនៅកំព្រា រសាត់អណ្ដែតមកដល់ភ្នំពេញ ហើយត្រូវធ្វើការរកប្រាក់ផ្ញើទៅផ្ទះជូនម្តាយ និងត្រូវដោះស្រាយបំណុលជំនួសឪពុកដែលជំពាក់គេ នៅពេលពួកគាត់នៅរួមរស់ជាប្តីប្រពន្ធមុនលែងលះគ្នា ។នារីរងគ្រោះបន្តថា រាល់ថ្ងៃអ្វីដែលនាងទទួលបាន គឺការស្តីបន្ទោសពីម្តាយខ្លួន ហើយប្រាក់ដែលនាងរកបានផ្ញើទៅម្តាយ ទោះច្រើនប៉ុណ្ណាក៏មិនគ្រប់ដែរ ចំណែកម្តាយវិញគាត់មិនខ្វាយខ្វល់ថា នាងឯកា នាងហត់ នាងត្រូវការកម្លាំងចិត្តនោះទេ បន្ថែមពីលើនេះគឺមានតែពាក្យស្តី មិនចេះចប់ ទើបធ្វើអោយនាងតូចចិត្តក៏មកលោ.តទឹកលើស្ពានជ្រោយចង្វានេះ អស់ចំនួន២ដងមកហើយ តែមិនបានសម្រេច ព្រោះតែមានគេឃាត់ទាន់រហូត។
បន្ទាប់ពីកើតហេតុ នារីរងគ្រោះត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋនិយាយលួងលោម និង លើកទឹកចិត្តអោយនាងរឹងមាំ រហូតធ្វើឲ្យនាងមានស្នាមញញឹមឡើងវិញ និងយល់ច្បាស់ពីបញ្ហាដែលត្រូវដោះស្រាយ និងតម្លៃជីវិត ក្រោយមកនារីរងគ្រោះក៏បានលើកដៃសំពះអរគុណ និងសន្យាថា រូបនាងមិនគិតខ្លីបែបនេះទៀតទេ និយាយចប់នារីរងគ្រោះក៏ត្រូវបានប្រជាពលរដ្ឋចិត្តល្អជួយឌុបនាងត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព ៕