កុំចេះតែហ៊ាន!! ឃើញទូរស័ព្ទរបស់គេដាក់សាកថ្មក្នុងបន្ទប់ទំនងពេកក៏ចូលទៅលួចស្រាប់តែម្ចាស់ទាន់ចាប់ប្រគល់ឱ្យសមត្ថកិច្ច

Spread the love

ភ្នំពេញ ៖ ស្ត្រីជាជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ក្រោយពីធ្វើសកម្មភាពលួចយកទូរស័ព្ទដៃដែលគេដាក់សាកថ្មនៅក្នុងបន្ទប់ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចផ្ទះជួលមួយកន្លែង ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។សមត្ថកិច្ចបានឱ្យដឹងថាស្ត្រីជាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះនួនអូនអាយុ៤២ឆ្នាំមុខរបរកម្មការិនីរោងចក្រស្នាក់នៅបន្ទប់ជួលត្រង់ចំណុចកើតហេតុ។ចំណែកនារីជាម្ចាស់ទូរស័ព្ទមានឈ្មោះខាន់ ម៉ាលីន អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកេីតហេតុ ។

តាមសម្ដីនារីរងគ្រោះបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានសាកថ្មទូរស័ព្ទម៉ាកI Phone 11Pro Max នៅក្នុងបន្ទប់ ហើយបានបើកទ្វារចោលក៏ចូលទៅក្នុងបន្ទប់ទឹកដើម្បីងូតទឹកចេញទៅធ្វើការ ។ ពេលដែលចេញពីបន្ទប់ទឹកវិញស្រាប់តែបាត់ទូរស័ព្ទពេលនោះរូបគាត់ក៏បានខ្ចីទូរស័ព្ទបងស្រីម្នាក់ទៀតខលទៅក៏ឮសំឡេងនៅក្នុងបន្ទប់ជួលរបស់ស្ត្រីជាជនសង្ស័យទេីបប្រាប់បងប្អូនក្បែរបន្ទប់ជួលឱ្យជួយឃាត់ស្ត្រីជាជនសង្ស័យមិនឱ្យចេញពីបន្ទប់ ហើយក៏មករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោដើម្បីចុះទៅនាំខ្លួនស្ត្រីជាជនសង្ស័យយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ។

នៅចំពោះមុខសមត្ថកិច្ចស្ត្រីជាជនសង្ស័យបានឆ្លើយសារភាពថារូបគាត់ពិតជាបានយកទូរស័ព្ទដៃរបស់នារីរងគ្រោះប្រាកដមែនដោយសារតែឃើញនារីរងគ្រោះដាក់សាកថ្មចោលហើយមិនមានមនុស្សនៅទេីបខ្លួនបានចូលទៅយកទូរស័ព្ទទុកនៅក្នុងបន្ទប់របស់ខ្លួនតែម្ដង។បច្ចុប្បន្ននេះស្ត្រីជាជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីចាត់ការបន្តតាមនីតិវិធី ៕

About The Author

ព័ត៌មានផ្សេងៗ