បុរសម្នាក់ត្រូវសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនក្រោយធ្វើសកម្មភាពកាប់ជនរងគ្រោះឱ្យរបួសធ្ងន់
ភ្នំពេញ៖ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកជាច្រើននាក់បានធ្វើសកម្មភាពកាប់បុរសម្នាក់បណ្តាលឱ្យរងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលលេខ៨ ផ្លូវបេតុង ក្រុម៧ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជនរងគ្រោះឈ្មោះចែម ចាន់រ៉ា អាយុ៣២ឆ្នាំ មុខរបរជាងមាស ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ(រងរបួសក្បាលនិងប្រអប់ដែខាងស្តាំ) បច្ចុប្បន្នកំពុងសម្រាកព្យាលបាលនៅមន្ទីរពេទ្យអេម៉ាណូអែល។
ចំណែកជនសង្ស័យឈ្មោះស្រេង សុទ្ធិ អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលលេខ៥ ផ្លូវបេតុង ក្រុម៧ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ(គ្មានសារធាតុញៀន) អវិជ្ជមានកូវីដ-១៩លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យជួលបន្ទប់ស្នាក់នៅក្បែរគ្នាដោយជនរងគ្រោះបានសួរនាំប្រពន្ធជនសង្ស័យធ្វើឲ្យជនសង្ស័យមានការប្រចណ្ឌក៏បានទៅបបួលបក្ខពួកចំនួន១០នាក់មកធ្វើសកម្មភាពកាប់ជនរងគ្រោះដល់ក្នុងបន្ទប់ជួលចំនួន២កាំបិតបណ្តាលឲ្យរងរបួសធ្ងន់ រួចហើយក៏គេចខ្លួនបាត់អស់ទៅ។ក្រោយពីទទួលបានសភាពការណ៍ខាងលើសមត្ថកិច្ចយើងបានចុះទៅដល់កន្លែងកើតហេតុហើយធ្វើការស្រាវជ្រាវរហូតដល់ឃាត់ជនសង្ស័យបាន១នាក់។សម្ភារដកហូតរួមមានទូរស័ព្ទ១គ្រឿងពណ៌ទឹកប្រាក់ម៉ាកអាយហ្វូនសុិច(IPhone 6)។បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តបន្តតាមនីតិវិធី៕