ក្រសួង រកឃើញថា គ្រឿងសម្អាងឈ្មោះ សាប៊ូលម្អងក្បាលល្មៀតខ្មែរ មានសារធាតុគីមី ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពស្បែក និងអាយុជីវិត
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែមេសា បានចេញសេចក្តីប្រកាសព័ត៌មានពីការហាមឃាត់ចែកចាយ ឬលក់គ្រឿងសម្អាងឈ្មោះ សាប៊ូលម្អងក្បាលល្មៀតខ្មែរ ដែលគ្មានលេខប្រវេទន៍ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ជាពិសេស មានផ្ទុកសារធាតុគីមីដែលបង្កគ្រោះថ្នាក់។
យោងតាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា តាមលទ្ធផល នៃការត្រួតពិនិត្យគុណភាពដោយមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល បានរកឃើញថា គ្រឿងសម្អាងឈ្មោះ សាប៊ូលម្អងក្បាលល្មៀតខ្មែរ គ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល ដែលកំពុងចែកចាយដោយគ្រឹះស្ថានអាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាង ភ្នំទ្រទ្រង់ (ខេមបូឌា) ឯ.ក មានផ្ទុកសារធាតុគីមីបារត (Mercury) លើសកម្រិតបទដ្ឋានស្តង់ដារបច្ចេកទេសកំណត់ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពស្បែក និងអាយុជីវិត របស់អ្នកប្រើប្រាស់។
អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរ ផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខប្រវេទន៍ ទទួលស្គាល់ពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋ មុននឹងទិញផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្រប្រវេទន៍ ដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រប្រវេទន៍ត្រឹមត្រូវ គឺមាន ២ផ្នែក ១-ផ្នែកខាងលើមានឈ្មោះគ្រឹះស្ថានអាហរ័ណ នីហរ័ណ ២-ផ្នែកខាងក្រោមមានលេខប្រវេទន៍ ដូចមានគំរូភ្ជាប់ជាមួយ។
ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ សាប៊ូលម្អងក្បាលល្មៀតខ្មែរ ដែលគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាលជាបន្តទៀត ព្រោះផលិតផលនេះពុំមានសុវត្ថិភាពចំពោះអ្នកប្រើប្រាស់ឡើយ។ ចំពោះគ្រឹះស្ថានអាហរ័ណ នីហរ័ណផលិតផលគ្រឿងសម្អាង ដែលកំពុងចែកចាយផលិតផលនេះ ត្រូវធ្វើការប្រមូល សាប៊ូលម្អងក្បាលល្មៀតខ្មែរ ទាំងអស់ពីទីផ្សារ ដើម្បីធ្វើការកម្ទេចចោល។
ក្រសួងសុខាភិបាល បានអះអាងថា នឹងបន្តតាមដានផលិតផលនេះនៅលើទីផ្សារជាបន្តទៀត និងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តចែកចាយ ឬលក់ផលិតផលខាងលើនេះ ទៅតាមច្បាប់ស្ដីពីច្បាប់វិសោធនកម្មច្បាប់ស្ដីពីការ គ្រប់គ្រងឱសថជាធរមាន៕