ចាប់ខ្លួនមនុស្ស ៦នាក់ ក្នុងករណីផ្ទុះអាវុធច្រើនគ្រាប់មុខក្លិបកម្សាន្ត DOT ក្នុងខណ្ឌសែនសុខ កាលពីយប់មិញ

Spread the love

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌសែនសុខ បានចាប់ខ្លួនជនសង្ស័យប្រុស-ស្រីចំនួន ៦នាក់ ពាក់ព័ន្ធករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅខាងមុខក្លិបកម្សាន្ត DOT ដែលបានកើតចេញពីក្នុងក្លិប ផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៣ទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។

នគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ការចុះបង្ក្រាប និងឈានដល់ការចាប់ខ្លួនជនសង្ស័យមួយក្រុមមានគ្នាចំនួន ៦នាក់(ស្រី៤នាក់) បានធ្វើឡើងបន្ទាប់ពីកម្លាំងនគរបាលទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋថា មានការផ្ទុះអាវុធជាច្រើនគ្រាប់នៅមុខក្លិបកម្សាន្ត DOT។

បន្ទាប់មកសមត្ថកិច្ចចុះឆែកឆេរក្នុងរថយន្តជនសង្ស័យ រកឃើញមានកាតសម្គាល់ខ្លួន ដែលមានឈ្មោះ សុខ បានអឺន ឋានន្តរសក្ដិ ពលបាលត្រី កងឯកភាពកងពលតូចលេខ ៧០ និងប័ណ្ណសម្គាល់អាវុធខ្លី ស មូលភាព ម៉ាក BERETTA លេខ PZ 21162 ទៀតផង។បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់៕

About The Author

ព័ត៌មានផ្សេងៗ