អាជ្ញាធរខេត្តបាត់ដំបង រកឃើញគ្រឿងសមុទ្រផ្ទុកសារធាតុគីមីរក្សាសាកសពជាង៤០គីឡូក្រាម ..!!

មន្រ្តីជំនាញ បានរកឃើញគ្រឿងសមុទ្រផ្ទុកសារធាតុគីមីរក្សាសាកសពឈ្មោះថា «Formalin» ជាង៤០គីឡូក្រាម នៅផ្សារមោងឫស្សី ខេត្តបាត់ដំបង។ នេះបើតាមការចេញផ្សាយរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៅលើទំព័រហ្វេសប៊ុក នាថ្ងៃទី៩ មេសា។
ប្រតិបត្តិការដែលចូលរួមពីកម្លាំងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច , មន្រ្តីសាខា (ក.ប.ប)ខេត្តបាត់ដំបង និងមន្រ្តីនៃមន្ទីរពាណិជ្ជកម្មខេត្ត នៅថ្ងៃទី៨ ខែមេសា បានចុះត្រួតពិនិត្យតូបទំនិញចំនួន១០ និងផ្ទះលក់ទំនិញជុំវិញផ្សារចំនួន៥ខ្នង នៅផ្សារមោងឫស្សី ស្ថិតក្មុងភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ជាលទ្ធផល រកឃើញមឹកដៃធំ, មឹកបំពង និងដៃមឹក ទម្ងន់សរុប ៤៤គីឡូក្រាម មានផ្ទុកសារធាតុគីមី «Formalin»។
«Formalin» ជាសាធាតុគីមីរក្សាសាកសពកុំឱ្យស្អុយរលួយ។ វាត្រូវបានគេហាមដាច់ខាតចំពោះប្រើប្រាស់ក្នុងវិស័យម្ហូបអាហារ ព្រោះអាចបង្កផលប៉ះពាល់ជាច្រើនដល់សុខភាព និងអាចឈានដល់ការបាត់បង់អាយុជីវិតថែមទៀតផង។ សាធាតុគីមីនេះ ក៏អាចធ្វើឱ្យស្រ្តីមានផ្ទៃពោះរលូតកូនបានដែរ៕