ករណី ឆ-បោ-ក ប្រាក់ ៧ លានដុល្លារ! សមត្ថកិច្ចប្រាប់ ល្បិ-ច-ជ-ន ល្មើស ​និង​​ឱ្យ​ពល​​រដ្ឋ​​ប្រយ័ត្ន កុំ​ លោ-ភ-ល-ន់…!!

0
Spread the love

✍️ភ្នំពេញ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាតិស្បែកខ្មៅចំនួន២នាក់ និង​កសាង​សំណុំរឿងបញ្ជូន​ទៅតុលាការ ពាក់ព័ន្ធនឹងការឆបោកប្រាក់ ចំនួន៧លានដុល្លារ​ពី​ជនរង​គ្រោះ​ដែល​ជា​ជន​ជាតិ​ខ្មែរ។ លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកង​រាជអាវុធហត្ថ​លើ​ផ្ទៃ​​ប្រទេស និងជាមេបញ្ជាការកងរាជអាវុធ ហត្ថ​រាជធានី​ភ្នំ​ពេញ បានបញ្ជាក់ពីការបង្រ្កាប​ករណីល្មើសនេះ ព្រមទាំងបានរៀបរាប់លម្អិត ពីល្បិចបោកប្រាស់របស់​ក្រុមជនល្មើស​ផង​។ តាមរយៈទំព័រហ្វេសប៊ុក នៅ​លោក រ័ត្ន ស្រ៊ាង ក៏អំពាវនាវឱ្យពលរដ្ឋបង្កើនការ​ប្រុ​ង​ប្រយ័ត្ន និងកុំឱ្យភាពលោភលន់​ មកគ្របដណ្តប់។

សំណុំរឿងឆបោកប្រាក់ពីជនរងគ្រោះរហូតដល់ ៧លានដុល្លារនេះ ត្រូវបានកងរាជ អាវុធ​ហត្ថរាជធានីភ្នំពេញ បង្ក្រាបកាលពីថ្ងៃទី១៩ ខែមេសា។ បើតាម លោក រ័ត្ន ស្រ៊ាង មេបញ្ជា​ការ​​រងកង​រាជអាវុធហត្ថ​លើ​ផ្ទៃ​​ប្រទេស និងជាមេបញ្ជាការកងរាជអាវុធ ហត្ថ​រាជធានី​ភ្នំ​ពេញ ជនសង្ស័យក្នុងអំពើឆបោកនេះ មាន៥នាក់ ដោយពួកគេ បានប្រាប់ជនរង​គ្រោះថា មាន​ប្រាក់​​ប្រឡាក់ទឹកខ្មៅជាច្រើនលានដុល្លារ តែពុំអាចចាយបាន។ លុះត្រាតែ​មានប្រាក់ដុល្លារ ពិតប្រាកដ យកទៅលាងជាមួយម្សៅ ហើយយកម្សៅនោះ ទៅ​លាងជាមួយប្រាក់ប្រឡាក់ ទឹកខ្មៅ ទើបក្លាយជាប្រាក់អាចចាយបាន។ ក្រុមជនសង្ស័យ ប្រាប់ជនរងគ្រោះថា នឹងផ្ដល់​ផល​ចំណេញ ១ទ្វេជា៣ ឬ ជា៥ ពាក់ព័ន្ធ​នឹង​ករណីលាងលុយនេះ។

លោក រ័ត្ន ស្រ៊ាង រៀបរាប់ប្រាប់ពីល្បិចឆបោកយ៉ាងលម្អិតបន្ថែម ពីដំបូងជនរងគ្រោះ យក​ប្រាក់​ដុល្លារពិតប្រាកដ ចំនួន២ពាន់ដុល្លារ ឱ្យក្រុមឆបោកដាក់ចូលម៉ាស៊ីន ក្រឡុក​ជាមួយ​ម៉្សៅ និងដាក់ប្រាក់ប្រឡាក់ទឹកខ្មៅចូល ៨ពាន់ដុល្លារ។ ប៉ុន្តែមុនពេលក្រឡុក ក្រុមឆបោក ឱ្យ​ជនរងគ្រោះលេបថ្នាំ ដោយប្រាប់ថា ដើម្បីការពារការពុលម្សៅគីមី ដែលក្រឡុកប្រាក់។ ជន​សង្ស័យទាំងនោះ ក៏លេបថ្នាំនោះ ឱ្យមើលមុនផងដែរ។ មួយសន្ទុះក្រោយពីលេបថ្នាំ ប្រាក់ក៏ចេញមកពីម៉ាស៊ីនក្រឡុកវិញ ចំនួន១ម៉ឺនដុល្លារ គឺ​សុទ្ធ​តែជាប្រាក់ដុល្លារ​ពិត​ប្រា​កដ​។ ចំណុចនេះ ជាល្បិចបន្លំមួយ។ បន្ទាប់មក ក្រុមឆបោកប្រគល់ប្រាក់ដែលទើប​លាង​រួច ឱ្យ​ទៅជនរងគ្រោះទាំងអស់។ ចំណុ​ច​នេះ ក៏សង្កត់ធ្ងន់ដែរថា ជាល្បិចចិត្ត​សាស្ត្រ​។

ក្រោយមកជនរងគ្រោះ មានការទុកចិត្ត ជឿលង់ជាមួយក្រុមឆបោកទាំងស្រុង ក៏បាន​ប្រ​គល់​​ប្រាក់ជាបន្តបន្ទាប់ ឱ្យទៅជនឆបោកទាំងនោះ រហូតដល់ចំនួន ៧លានដុល្លារ ដើម្បី​លាង​ប្រាក់ប្រឡាក់ទឹកខ្មៅ ដែលមានចំនួន ២៨លានដុល្លារ។ ករណីនេះ ក្រុមឆបោកបាន​បែង​​ចែកឱ្យជនរងគ្រោះ ចំនួន២៥លានដុល្លារ។

នៅពេលដកប្រាក់ចេញពីម៉ាស៊ីនក្រឡុក ក្រុមឆបោកបានវេចខ្ចប់ រុំស្កុតពណ៌លឿង និង​ប្រាប់​ជន​រងគ្រោះថាប្រាក់ទាំងនេះ មិនទាន់ឱ្យហែកភ្លាមៗឡើយ ត្រូវទុកច្រើនខែសិន ទើប​ហែកស្កុតបាន។ ពុំដូច្នេះប្រាក់ទាំងនោះ នឹងមិនអាចក្លាយជាប្រាក់ពិតប្រាកដបានទេ។

ដោយមានការសង្ស័យ ក្រោយមក១ខែ ជនរងគ្រោះ ក៏ហែកដុំប្រាក់មើល ឃើញសុទ្ធតែជា​ប្រាក់​ដុល្លារសែន និងក្រដាសសសុទ្ធទាំងអស់ ទើបដឹងចាញ់បោកពីក្រុមបរទេសនោះ។

ជនរងគ្រោះ បានខាតបង់ប្រាក់ ៧លានដុល្លារ ដោយសារក្រុមឆបោក បន្លំប្តូរប្រាក់​នៅ​ពេល​ដាក់​ចូល​ក្នុងម៉ាស៊ីន ដោយត្រឡប់ប្រាក់ពិតប្រាកដ ចុះទៅក្នុងប្រអប់សម្ងាត់នៅ​បាត​ម៉ាស៊ីន និងជំនួសមកវិញ នូវប្រាក់សែនក្លែងក្លាយ។

តាមរយៈករណីខាងលើ សមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានត្រឹមជនជាតិ ស្បែកខ្មៅ ២ នាក់ ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទា​ទោស​តាម​ច្បាប់។ រីឯ បក្ខពួកជនល្មើស ដែលនៅសល់ សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកបន្ត។

ពាក់ព័ន្ធនឹង​ការឆបោកនេះ រ័ត្ន ស្រ៊ាង បានអំពាវនាវឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និង​កុំខ្វះសេចក្តីពិចារណា ព្រោះ​ភាពលោភលន់។ «សូមមានការត្រិះរិះ ដោយប្រុងប្រយ័ត្ន​ឱ្យ​បានខ្ពស់បំផុត កុំឱ្យសេចក្តីលោភលន់ មកបិទបាំងភ្នែក និងរារាំងដល់ការពិចារណា​យើង​បាន ព្រោះថាលើលោកនេះ ពុំមានផលប្រយោជន៍ឯណា រត់មករកយើងដោយឯកឯង​ទេ»។ លោក រ័ត្ន ស្រ៊ាង រំឭកដូច្នេះ ដោយសង្កត់ធ្ងន់ថា គ្មាននរណាម្នាក់​ដែលអាច​រក​ប្រាក់រាប់លានដុល្លារ បានស្រួលៗហើយគេបបួល​យើងចែកប្រាក់ទាំងនោះទេ។

​ក្រៅពីបង្ហាញនូវល្បិចបោកប្រាស់ថ្មី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏រំឭក​ពី​​រូបភាព​ឆបោកពីមុនៗ ហើយល្បិចឆបោកខ្លះ នៅតែមានប្រសិទ្ធភាព​ដោយមានជនរ​ង គ្រោះ​ម្នាក់ហើយម្នាក់ទៀត រងការបោកប្រាស់ និង​ខាតបង់ទ្រព្យសម្បត្តិយ៉ាងច្រើន។ ល្បិច​ទាំង​នោះ មានដូចជា​ ​ការ​ទម្លាក់​មាស បញ្ឆោតឱ្យឃើញ ហើយដូរយកមាសពិត និងករណីអ្នកមិនស្គាល់ ក្លែង​ជាជន​សប្បុរស ឬជាអ្នកសុំស្នេហ៍ ហើយថាផ្ញើរបស់មានតម្លៃ ​ឬប្រាក់​ពីក្រៅប្រទេសឱ្យ​​ជាដើម ។

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានផ្សេងៗ