ករណី ឆ-បោ-ក ប្រាក់ ៧ លានដុល្លារ! សមត្ថកិច្ចប្រាប់ ល្បិ-ច-ជ-ន ល្មើស និងឱ្យពលរដ្ឋប្រយ័ត្ន កុំ លោ-ភ-ល-ន់…!!

✍️ភ្នំពេញ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាតិស្បែកខ្មៅចំនួន២នាក់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងការឆបោកប្រាក់ ចំនួន៧លានដុល្លារពីជនរងគ្រោះដែលជាជនជាតិខ្មែរ។ លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ពីការបង្រ្កាបករណីល្មើសនេះ ព្រមទាំងបានរៀបរាប់លម្អិត ពីល្បិចបោកប្រាស់របស់ក្រុមជនល្មើសផង។ តាមរយៈទំព័រហ្វេសប៊ុក នៅលោក រ័ត្ន ស្រ៊ាង ក៏អំពាវនាវឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងកុំឱ្យភាពលោភលន់ មកគ្របដណ្តប់។
សំណុំរឿងឆបោកប្រាក់ពីជនរងគ្រោះរហូតដល់ ៧លានដុល្លារនេះ ត្រូវបានកងរាជ អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបកាលពីថ្ងៃទី១៩ ខែមេសា។ បើតាម លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ ជនសង្ស័យក្នុងអំពើឆបោកនេះ មាន៥នាក់ ដោយពួកគេ បានប្រាប់ជនរងគ្រោះថា មានប្រាក់ប្រឡាក់ទឹកខ្មៅជាច្រើនលានដុល្លារ តែពុំអាចចាយបាន។ លុះត្រាតែមានប្រាក់ដុល្លារ ពិតប្រាកដ យកទៅលាងជាមួយម្សៅ ហើយយកម្សៅនោះ ទៅលាងជាមួយប្រាក់ប្រឡាក់ ទឹកខ្មៅ ទើបក្លាយជាប្រាក់អាចចាយបាន។ ក្រុមជនសង្ស័យ ប្រាប់ជនរងគ្រោះថា នឹងផ្ដល់ផលចំណេញ ១ទ្វេជា៣ ឬ ជា៥ ពាក់ព័ន្ធនឹងករណីលាងលុយនេះ។
លោក រ័ត្ន ស្រ៊ាង រៀបរាប់ប្រាប់ពីល្បិចឆបោកយ៉ាងលម្អិតបន្ថែម ពីដំបូងជនរងគ្រោះ យកប្រាក់ដុល្លារពិតប្រាកដ ចំនួន២ពាន់ដុល្លារ ឱ្យក្រុមឆបោកដាក់ចូលម៉ាស៊ីន ក្រឡុកជាមួយម៉្សៅ និងដាក់ប្រាក់ប្រឡាក់ទឹកខ្មៅចូល ៨ពាន់ដុល្លារ។ ប៉ុន្តែមុនពេលក្រឡុក ក្រុមឆបោក ឱ្យជនរងគ្រោះលេបថ្នាំ ដោយប្រាប់ថា ដើម្បីការពារការពុលម្សៅគីមី ដែលក្រឡុកប្រាក់។ ជនសង្ស័យទាំងនោះ ក៏លេបថ្នាំនោះ ឱ្យមើលមុនផងដែរ។ មួយសន្ទុះក្រោយពីលេបថ្នាំ ប្រាក់ក៏ចេញមកពីម៉ាស៊ីនក្រឡុកវិញ ចំនួន១ម៉ឺនដុល្លារ គឺសុទ្ធតែជាប្រាក់ដុល្លារពិតប្រាកដ។ ចំណុចនេះ ជាល្បិចបន្លំមួយ។ បន្ទាប់មក ក្រុមឆបោកប្រគល់ប្រាក់ដែលទើបលាងរួច ឱ្យទៅជនរងគ្រោះទាំងអស់។ ចំណុចនេះ ក៏សង្កត់ធ្ងន់ដែរថា ជាល្បិចចិត្តសាស្ត្រ។
ក្រោយមកជនរងគ្រោះ មានការទុកចិត្ត ជឿលង់ជាមួយក្រុមឆបោកទាំងស្រុង ក៏បានប្រគល់ប្រាក់ជាបន្តបន្ទាប់ ឱ្យទៅជនឆបោកទាំងនោះ រហូតដល់ចំនួន ៧លានដុល្លារ ដើម្បីលាងប្រាក់ប្រឡាក់ទឹកខ្មៅ ដែលមានចំនួន ២៨លានដុល្លារ។ ករណីនេះ ក្រុមឆបោកបានបែងចែកឱ្យជនរងគ្រោះ ចំនួន២៥លានដុល្លារ។
នៅពេលដកប្រាក់ចេញពីម៉ាស៊ីនក្រឡុក ក្រុមឆបោកបានវេចខ្ចប់ រុំស្កុតពណ៌លឿង និងប្រាប់ជនរងគ្រោះថាប្រាក់ទាំងនេះ មិនទាន់ឱ្យហែកភ្លាមៗឡើយ ត្រូវទុកច្រើនខែសិន ទើបហែកស្កុតបាន។ ពុំដូច្នេះប្រាក់ទាំងនោះ នឹងមិនអាចក្លាយជាប្រាក់ពិតប្រាកដបានទេ។
ដោយមានការសង្ស័យ ក្រោយមក១ខែ ជនរងគ្រោះ ក៏ហែកដុំប្រាក់មើល ឃើញសុទ្ធតែជាប្រាក់ដុល្លារសែន និងក្រដាសសសុទ្ធទាំងអស់ ទើបដឹងចាញ់បោកពីក្រុមបរទេសនោះ។
ជនរងគ្រោះ បានខាតបង់ប្រាក់ ៧លានដុល្លារ ដោយសារក្រុមឆបោក បន្លំប្តូរប្រាក់នៅពេលដាក់ចូលក្នុងម៉ាស៊ីន ដោយត្រឡប់ប្រាក់ពិតប្រាកដ ចុះទៅក្នុងប្រអប់សម្ងាត់នៅបាតម៉ាស៊ីន និងជំនួសមកវិញ នូវប្រាក់សែនក្លែងក្លាយ។
តាមរយៈករណីខាងលើ សមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានត្រឹមជនជាតិ ស្បែកខ្មៅ ២ នាក់ ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។ រីឯ បក្ខពួកជនល្មើស ដែលនៅសល់ សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកបន្ត។
ពាក់ព័ន្ធនឹងការឆបោកនេះ រ័ត្ន ស្រ៊ាង បានអំពាវនាវឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងកុំខ្វះសេចក្តីពិចារណា ព្រោះភាពលោភលន់។ «សូមមានការត្រិះរិះ ដោយប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត កុំឱ្យសេចក្តីលោភលន់ មកបិទបាំងភ្នែក និងរារាំងដល់ការពិចារណាយើងបាន ព្រោះថាលើលោកនេះ ពុំមានផលប្រយោជន៍ឯណា រត់មករកយើងដោយឯកឯងទេ»។ លោក រ័ត្ន ស្រ៊ាង រំឭកដូច្នេះ ដោយសង្កត់ធ្ងន់ថា គ្មាននរណាម្នាក់ដែលអាចរកប្រាក់រាប់លានដុល្លារ បានស្រួលៗហើយគេបបួលយើងចែកប្រាក់ទាំងនោះទេ។
ក្រៅពីបង្ហាញនូវល្បិចបោកប្រាស់ថ្មី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏រំឭកពីរូបភាពឆបោកពីមុនៗ ហើយល្បិចឆបោកខ្លះ នៅតែមានប្រសិទ្ធភាពដោយមានជនរង គ្រោះម្នាក់ហើយម្នាក់ទៀត រងការបោកប្រាស់ និងខាតបង់ទ្រព្យសម្បត្តិយ៉ាងច្រើន។ ល្បិចទាំងនោះ មានដូចជា ការទម្លាក់មាស បញ្ឆោតឱ្យឃើញ ហើយដូរយកមាសពិត និងករណីអ្នកមិនស្គាល់ ក្លែងជាជនសប្បុរស ឬជាអ្នកសុំស្នេហ៍ ហើយថាផ្ញើរបស់មានតម្លៃ ឬប្រាក់ពីក្រៅប្រទេសឱ្យជាដើម ។