សមត្ថកិច្ចចុះបង្ក្រាបករណីគ្រឿងញៀន តែជនសង្ស័យដណ្តើមបានកាំភ្លើងបាញ់រះជាច្រើនគ្រាប់ បណ្តាលឲ្យត្រូវប្រជាពលរដ្ឋ ២នាក់ របួសធ្ងន់
ភ្នំពេញ: យ៉ាងហោចណាស់មានប្រជាពលរដ្ឋចំនួន ២នាក់ រងរបួសធ្ងន់ ក្នុងហេតុការណ៍ផ្ទុះអាវុធ ក្នុងនោះស្ត្រីចំណាស់ម្នាក់រងរបួសត្រូវស្មាស្តាំ និងនារីម្នាក់ទៀតរងរបួសត្រូវដើមដៃស្តាំ បន្ទាប់ពីមានកម្លាំងសមត្ថកិច្ចមួយក្រុមចុះទៅបង្ក្រាបគ្រឿងញៀន តែត្រូវបានជនសង្ស័យដណ្តើមបានកាំភ្លើង បាញ់រះជាច្រើនគ្រាប់ផ្ទួន បង្កការភ្ញាក់ផ្អើលពីវេលាម៉ោង ៩និង៤០នាទីព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ទីតាំងនៅតាមបណ្តោយផ្លូវលំ ភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ប្រជាពលរដ្ឋរងគ្រោះ ដោយត្រូវគ្រាប់កាំភ្លើង ទាំង២នាក់ ទី១ ឈ្មោះ ទេព សាវឿន ភេទស្រី អាយុ ៦៧ឆ្នាំ រស់នៅកន្លែងកើតហេតុ របួសត្រូវស្មាស្តាំ ។ ទី២ ឈ្មោះ វ៉ា ចាន់សេរីរ័ត្ន ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរសិស្ស រស់នៅកន្លែងកើតហេតុ របួសដៃខាងស្តាំ។តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ខណ:ដែលកម្លាំងសមត្ថកិច្ច បង្ក្រាបគ្រឿងញៀន មួយក្រុមមានគ្នាច្រើននាក់បាន ចុះទៅបង្ក្រាបគ្រឿងញៀននៅចំណុចខាងលើ ភ្លាត់ស្នៀត ត្រូវបានជនសង្ស័យម្នាក់ឈ្មោះ ជីវ៉ា ភេទប្រុស អាយុជាង ៣០ឆ្នាំ ប្រតាយប្រតប់គ្នាក៏ដណ្តើមបានកាំភ្លើងពីដៃសមត្ថកិច្ច បាញ់សំដៅលើសមត្ថកិច្ច១គ្រាប់ ត្រូវដៃរបួសម្នាក់ ផ្អើលឆោឡោ ជនសង្ស័យរត់ សមត្ថកិច្ចដេញតាមចាប់ ត្រូវបានជនសង្ស័យបាញ់រះជាច្រើនគ្រាប់ទៀត បណ្តាលឲ្យត្រូវចំទ្វារដែកធ្លាយ របួសស្ត្រីម្នាក់កំពុងនៅក្នុងផ្ទះ និងត្រូវចំនារីម្នាក់កំពុងអង្គុយនៅមុខផ្ទះ រីឯជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដណ្តើមយកកាំភ្លើងបានវិញ ។
ពលរដ្ឋបន្តទៀតថា ក្រោយពីចាប់ខ្លួនជនសង្ស័យ ដណ្តើមយកកាំភ្លើងបានវិញ សមត្ថកិច្ចនាំឡើងរថយន្ត នាំគ្នាបើកយកចេញទៅអស់ បន្សល់ទុកតែប្រជាពលរដ្ឋរងរបួស ២នាក់ ត្រូវបានក្រុមគ្រួសារដឹកយកទៅពេទ្យរៀងៗខ្លួន ស្ត្រីចំណាស់ ដឹកតាមម៉ូតូកង់បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ចំណែកនារីរងគ្រោះត្រូវបានដឹកតាមម៉ូតូកង់បីយកទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ។ហេតុការណ៍ផ្ទុះអាវុធ ផ្តើមចេញពីកម្លាំងសមត្ថកិច្ច ចុះទៅបង្ក្រាបករណីគ្រឿងញៀន ត្រូវបានជនសង្ស័យតដៃដណ្តើមបានកាំភ្លើងបាញ់រះខាងលើ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅសាកសួរ ដល់ទីតាំងកើតហេតុ រួចបន្តទៅតាមសាកសួរជនរងគ្រោះនៅមន្ទីរពេទ្យ រីឯកម្លាំងមួយក្រុម ដែលពលរដ្ឋអះអាងថា នគរបាលប្រឆាំងគ្រឿងញៀន ក្រោយពីឃាត់បានជនសង្ស័យនាំគ្នាចាកចេញទៅបាត់ស្រមោលអស់តែម្តង៕