ឃាត់ខ្លួនមនុស្សប្រុសស្រីប្រាំបីនាក់ ពាក់ព័ន្ធបង្ខាំងមនុស្ស ជំរិតយកប្រាក់ បង្កការភ្ញាក់ផ្អើល
ភ្នំពេញ៖ កម្លាំងព្រហ្មទណ្ទកម្រិតស្រាល បានបេីកប្រតិបត្តិការស្រាវជ្រាវ និងឃាត់ខ្លួនមនុស្សប្រុសស្រី៨នាក់ដែលជាជនជាតិចិននិងខ្មែរពាក់ព័ន្ធនឹងការបង្ខាំងមនុស្សជំរិតទារប្រាក់នៅក្នុងសណ្ឋាគារយីហោ” ខលល័រ” ។ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានធ្វេីឡេីងនៅវេលាម៉ោង១ និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
បេីយោងតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលដែលចុះប្រតិបត្តិការផ្ទាល់បានឱ្យដឹងថាដោយមានការរាយការណ៍ពីប្រជាពលរដ្ឋថា ទីតាំងសណ្ឋាគារយីហោ” ខលល័រ” មានករណីបង្ខាំងមនុស្សជំរិតទារប្រាក់ទើបសមត្ថកិច្ចជំនាញផ្នែកព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចខណ្ឌចំការមន ចូលឆែកឆេរ និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួនប្រាំបីនាក់ ក្នុងនោះមានជនជាតិចិនបួននាក់ ស្រីម្នាក់ និងជនជាតិខ្មែរជាបុគ្គលិកបួននាក់ ដកហូតម៉ូតូចំនួនប្រាំពីរគ្រឿង។
ក្រោយប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌបាននាំខ្លួនមនុស្សប្រុសស្រីទាំង៨នាក់បញ្ជូនទៅការិយាល័យជំនាញផ្នែកព្រហ្មទណ្ឌដើម្បីធ្វើការសាកសួរបន្តនីតិវិធីច្បាប់។ ដោយឡែកចំពោះទីតាំងខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋានបិទជាបណ្តោះអាសន្នផងដែរ៕