រុស្ស៊ីបដិសេធការចោទប្រកាន់របស់អ៊ុយក្រែនថាខ្លួនកំពុងប្រពឹត្ត “អំពើប្រល័យពូជសាសន៍” បន្ទាប់ពីការទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យកុមារក្នុងទីក្រុង Mariupol
អ៊ុយក្រែន៖បន្ទាប់ពីមន្ត្រីអ៊ុយក្រែនបានរាយការណ៍ថាយន្តហោះរុស្ស៊ីបានទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យកុមារមួយកន្លែង នៅទីក្រុង Mariupol កាលពីថ្ងៃពុធ ដោយបណ្ដាលឱ្យមនុស្ស ១៧ នាក់រងរបួស រួចមកលោកប្រធានធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyyបានចោទប្រកាន់រុស្ស៊ីថាបានប្រពឹត្ត “អំពើប្រល័យពូជសាសន៍”នៅក្នុងប្រទេសរបស់ខ្លួនព្រោះរុស្ស៊ីបានធ្វើកិច្ចព្រមព្រៀងជាមួយខ្លួនរួចទៅហើយពីបទឈប់បាញ់នៅក្នុងទីក្រុងMariupolនេះដើម្បីឱ្យជនស៊ីវិលរាប់ពាន់នាក់អាចជម្លៀសខ្លួនចេញបាន។
បន្ទាប់ពីរងនូវការចោទប្រកាន់មួយនេះ ភាគីរុស្ស៊ីបានចេញមុខបដិសេធយ៉ាងដាច់ខាតថា របាយការណ៍អំពីការទម្លាក់គ្រាប់បែកទៅលើមន្ទីរពេទ្យកុមារនោះគឺជា “ព័ត៌មានមិនពិត” ដោយសារតែអគារមួយនោះគឺជាអតីតមន្ទីរពេទ្យសម្ភពដែលត្រូវបានទាហានកាន់កាប់ជាយូរមកហើយ។ជាមួយគ្នានោះលោកVolodymyrZelenskyyបានសង្កត់ធ្ងន់ថា៖«តើប្រទេសនេះជាប្រទេសបែបណា? សហព័ន្ធរុស្ស៊ីខ្លាចមន្ទីរពេទ្យខ្លាចមន្ទីរពេទ្យសម្ភពហើយបំផ្លាញវា?»។
គួរបញ្ជាក់បន្ថែមផងដែរថា សង្រ្គាមរបស់រុស្ស៊ីទៅលើអ៊ុយក្រែនបានឈានចូលដល់សប្តាហ៍ទី ៣ ហើយ បើគិតមកត្រឹមថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនាកន្លងទៅនេះ ហើយយើងមិនអាចដឹងបាននោះទេថា វានឹងត្រូវបញ្ចប់នៅពេលណា។ សង្គ្រាមដ៏អាក្រក់បានសម្លាប់មនុស្សរាប់ពាន់នាក់ និងមានមនុស្សជាង ២លាននាក់ត្រូវភៀសខ្លួនទៅប្រទេសដទៃរួមទាំងមនុស្សរាប់ពាន់នាក់ទៀតត្រូវបានបង្ខំឱ្យដេកនៅក្នុងទីក្រុងដែលឡោមព័ទ្ធក្រោមការទម្លាក់គ្រាប់បែកមិនឈប់ឈរ៕