ព្រឺត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត នឹងកើតមាននៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២
សៀមរាប៖ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា បាតុភូតធម្មជាតិនៃប្រព័ន្ធព្រះអាទិត្យ ដែលគេហៅថា «សមរាត្រី» ន័យសាមញ្ញ គឺរយៈពេលថ្ងៃ និងយប់ស្មើគ្នាត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ដែលគេអាចមើលឃើញច្បាស់ពីគុកតារាជ នឹងកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។
បុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្ស ប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២២ គឺថ្ងៃរះនៅចំកំពូលកណ្ដាលប្រាសាទអង្គរវត្តនៃសមរាត្រីខែមីនា នឹងត្រូវចំថ្ងៃទី២១ ខែមីនា នៅវេលាប្រហែលជាចាប់ពីម៉ោង ៦:៣០នាទីព្រឹក ដែលជាព្រឹត្តិការណ៍យ៉ាងពិសេសមួយ។ ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តសម្រាប់ឆ្នាំ២០២២ អាចកើតមាន២ដងក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង ហើយអាចនៅថ្ងៃទី២២ ខែកញ្ញា នឹងកើតមានម្ដងទៀត។
អ្នកជំនាញពន្យល់ថា សមរាត្រី គឺជាពេលវេលាដែលរវាងពេលថ្ងៃ និងពេលយប់ឱ្យមានរយៈពេលស្មើគ្នា ដោយខុសពីខែធម្មតាខ្លះ រយៈពេលយប់វែងជាងពេលថ្ងៃ ឬក៏រយៈពេលថ្ងៃវែងជាងយប់នោះ គឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដី ដែលតែងតែកើតមាននៅក្នុងពិភពលោក។ សម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿងចៃដន្យទេ វាគឺជាលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ដែលរៀបចំស្ថាបត្យកម្ម ប្លង់របស់ប្រាសាទទុកមុនជាស្រេច ដោយបំណងតម្រូវតាមបាតុភូតធម្មជាតិឱ្យប្រាសាទអង្គរវត្តបង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះឡើង។
លោក អ៊ឹម សុខរិទ្ធី បានបញ្ជាក់ថា ការរៀបចំរបស់បុព្វបុរសខ្មែរ តម្រូវតាមបាតុភូតធម្មជាតិឱ្យព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះទៅបាន ត្រូវគិតគូរតាំងពីរឿងស្ថាបត្យកម្ម ការរៀបចំដីធ្លី ការគន់គូរ តាមគណិតវិទ្យា ការគិតគូរពីដំណើរតារាសាស្ត្រ ព្រមទាំងរួមផ្សំជាមួយជំនឿផងដែរ។ ការនេះ អាចនិយាយបានថា ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកណ្ដាលនៃកំពូលប្រាសាទអង្គរវត្ត ប្រហែលជាអច្ឆរិយកើតមានតែនៅលើប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជាតែប៉ុណ្ណោះ ចំណែកឯសំណង់បុរាណជាច្រើននៅប្រទេសដទៃទៀតក្នុងពិភពលោក មិនអាចរៀបចំដូច្នេះបានទេ។ ថ្វីត្បិតតែក្នុង១ឆ្នាំៗ ព្រឹត្តិការណ៍ពិសេសសមរាត្រី នឹងថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តអាចកើតឡើងក្នុង១ឆ្នាំ២ដងក្តី ក៏ប៉ុន្តែបាតុភូតនោះកើតឡើងមិនដូចគ្នាទេ។
ជាកស្តែងកាលពីឆ្នាំ២០១៩កន្លងទៅ(សមរាត្រី)ព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តបានកើតឡើងនៅថ្ងៃទី២០ ខែមីនា ចាប់ពីព្រឹកព្រលឹមស្រាងៗ ដោយគេអាចមើលឃើញពីក្លោងទ្វារកណ្តាលនៃគុកតារាជ(ខ្លោងទ្វារធំប៉ែកខាងលិច) អំឡុងពេលចាប់ពីម៉ោង៥និង៥០នាទីដល់ម៉ោងប្រហែលម៉ោង៧ព្រឹក៕