សមត្ថកិច្ចគួរស្រាវជ្រាវលើការដ្ឋានបូបខ្សាច់ លក់ខ្សាច់យីហោ ម៉ុក សុខគាំ បណ្ដាលឲ្យក្មេងស្រី២នាក់ក្នុងចំណោម៨នាក់លង់ទឹកស្លាប់
ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យ ស្រាវជ្រាវជាក់ស្ដែងលើករណីក្មេងស្រីចំនួន២នាក់ក្នុងចំណោម៨នាក់ ដែលបានលង់ទឹកស្ទឹងកន្លែងរណ្ដៅបូបខ្សាច់ លក់ខ្សាច់មួយកន្លែង យីហោ ម៉ុក សុខគាំ បណ្ដាលឲ្យស្លាប់យ៉ាងសង្វេគ ។ ករណីក្មេងស្រីលង់ទឹកបណ្ដាលឲ្យស្លាប់ខាងលើបានកើតឡើងនៅរសៀលថ្ងៃអង្គារ ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅស្ទឹងធ្លាម្អមត្រង់ចំណុចកំពុងដ៍តាសក់ស(កន្លែងរណ្ដៅបូបដីខ្សាច់)ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
មន្ត្រីនគរបាលព្រហ្មទណ្ឌបានឲ្យថា ក្មេងស្រីទី១. ឈ្មោះ ឆេង គឹមឌី អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ឪពុកឈ្មោះ ឆេង គា អាយុ ៥៣ឆ្នាំ និងម្ដាយឈ្មោះ ព្រុំ សារ៉េន អាយុ ៤៧ឆ្នាំ និងទី២. ឈ្មោះ ជា ពល្លិកា អាយុ ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ឪពុកឈ្មោះ សែម សារិន អាយុ ៥៥ឆ្នាំ និងម្ដាយឈ្មោះ ហ៊ុយ សុគន្ធា អាយុ ៥២ឆ្នាំ បច្ចុប្បន្នក្មេងស្រីរងគ្រោះទាំង២នាក់ រស់នៅភូមិ.ឃុំកើតហេតុ។មន្ត្រីនគរបាលដដែលបន្តទៀតថា យោងចម្លើយក្មេងស្រីជាមិត្តភក្ដិនិយាយថា ពួកគាត់មានគ្នាចំនួន៨នាក់រួមទាំងជនរងគ្រោះ បានទៅកន្លែងកើតហេតុដើម្បីកាប់ដើមឬស្សី ប៉ុន្តែដើមឬស្សីមាននៅឯត្រើយម្ខាង ក៏នាំគ្នាដើរ និងហែលឆ្លងទៅកាប់ លុះកាប់បានចំនួន១ដើមទើបនាំគ្នាដើរ និងហែលឆ្លងមកវិញ ពេលដល់គោកបាត់ចំនួន២នាក់ពួកខ្លួនសង្ស័យលង់ទឹក ទើបនាំគ្នាស្រែកហៅឲ្យគេឯងជួយ ក៏ឆោឡោឡើងអ្នកភូមិមកមុជរាវរកស្លាប់អស់ទៅហើយ សពមន្រ្តីសហការធ្វើកំណត់ហេតុរួចប្រគល់ជូនឪពុកម្ដាយ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
ទោសយ៉ាងក្ដី សំរែកទួញសោករបស់ឪពុកម្ដាយ ជាពិសេសអ្នកភូមិផ្ទាល់តែម្ដង ស្នើសុំស្ថាប័នមានសមត្ថកិច្ចជំនាញពាក់ព័ន្ធ មេត្តាចុះស្រាវជ្រាវជាបន្ទាន់លើករណីឈ្មួញបូបខ្សាច់ លក់ខ្សាច់ យីហោ(ម៉ុក សុខគាំ)ព្រោះបានបូបរំលោភផ្លូវឆ្លងស្ទឹង និងរំលោភដាក់អាចម៍ដី និងដីខ្សាច់លើផ្លូវថែមទៀត ម្យ៉ាងវិញទៀតគេពុំដឹងថាការដ្ឋានបូបខ្សាច់នេះ មានច្បាប់ឬគ្មានច្បាប់នោះទេ ឥឡូវធ្វើឲ្យបាត់បង់អាយុជីវិតសិស្សបែបនេះ បើតាបប្រភពផ្សេងៗក្មេងៗរងគ្រោះ នាំគ្នាទៅកាប់ដើមឬស្សីខាងលើ គឺៈ ពួកគាត់កាប់យកទៅសាលាតាមការណែនាំគ្រូពួកគាត់ប៉ុណ្ណោះ ៕