មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនថា៖ កម្លាំងបរមាណូត្រូវតែត្រៀមលក្ខណៈជានិច្ច

Spread the love

នៅក្នុងពិធីព្យុហយាត្រា នាយប់ថ្ងៃទី ២៥ខែមេសា ប្រមុខដឹកនាំ កូរ៉េខាងជើង លោកគីមជុងអ៊ុនបានបញ្ជាក់ថាលោកនឹងពង្រឹងកម្លាំងអាវុធបរមាណូយុទ្ធសាស្ត្រហើយកម្លាំងបរមាណូត្រូវតែត្រៀមលក្ខណៈជានិច្ច។សារព័ត៌មានKCNAរបស់កូរ៉េខាងជើងបានដកស្រង់ការប្រកាសរបស់មេដឹកនាំគីមជុងអ៊ុនក្នុងពិធីដង្ហែក្បួនព្យុហយាត្រាខួបគម្រប់៩០ឆ្នាំថ្ងៃបង្កើតកងទ័ព ថា «យើងនឹងបន្តអនុវត្តយុទ្ធសាស្ត្រ និងការអភិវឌ្ឍអាវុធបរមាណូក្នុងល្បឿនលឿនបំផុតដែលអាចធ្វើទៅបាន»។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថាព្យុហយាត្រាយោធាខាងលើ ធ្វើឡើងដើម្បីប្រារព្ធខួបលើកទី៩០ នៃការបង្កើតទ័ពកូរ៉េខាងជើង ហើយយោធាកូរ៉េខាងត្បូងបានទទួលស្គាល់ដែរថា ទាហានកូរ៉េខាងជើងពិតជាបានធ្វើព្យុហយាត្រាយោធាដ៏ធំកាលពីថ្ងៃចន្ទ។ បើតាមប្រភពពីយោធាកូរ៉េខាងត្បូង, ព្យុហយាត្រាយោធានេះ បានចាប់ផ្តើមធ្វើនៅឯទីលានមួយ ស្ថិតនៅកណ្តាលទីក្រុងព្យុងយ៉ាង វេលាម៉ោងប្រហែល១០យប់ បន្ទាប់ពីពិធីប្រារព្ធខួបលើកទី៩០ ខណៈប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងបានរាយការណ៍ថាព្យុហយាត្រាយោធានេះ ប្រហែលជាមានទំហំធំបំផុតមិនធ្លាប់មាន ដោយមានការចូលរួមពីទាហាន ២០,០០០នាក់ និងការបង្ហាញសព្វាវុធជាង២៥០គ្រឿង រួមទាំងបរិក្ខារយោធាជាច្រើនទៀតផងដែរ។

បន្ថែមពីលើនេះ ព្យុហយាត្រានេះ មានការបង្ហាញនូវមីស៊ីលថ្មីបំផុតរបស់កូរ៉េខាងជើង ដូចជាមីស៊ីលផ្លោងអន្តរទ្វីប Hwasong-17 និងមីស៊ីល Hwasong-8 ដែលក្រុងព្យុងយ៉ាងអះអាងថាជាប្រភេទមីស៊ីលល្បឿនលឿនជាងសំឡេង។នៅថ្ងៃចន្ទទី២៥ខែមេសា គឺជាខួបលើកទី៩០ ចាប់តាំងពីលោក គីមអុីលស៊ុង (Kim Il Sung) ដែលជាជីតារបស់មេដឹកនាំបច្ចុប្បន្ន លោក គីម ជុងអ៊ុន (Kim Jong Un) បានបង្កើតកងទ័ពបដិវត្តន៍ប្រជាជនកូរ៉េក្នុងឆ្នាំ១៩៣២៕

 

About The Author

ព័ត៌មានផ្សេងៗ