ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា មន្ត្រី ឬជនទាំងឡាយណាដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន នឹងមានវាសនាមិនខុសពីផ្សែងដែលចេញពីក្រដាសខ្ចប់ភ្លើងនោះឡើយ

0
Spread the love

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា មន្ត្រី ឬជនទាំងឡាយណាដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន នឹងមានវាសនាមិនខុសពីផ្សែងដែលចេញពីក្រដាសខ្ចប់ភ្លើងនោះឡើយ ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានព្រមានចេញពីកិច្ចប្រជុំនេះទៅតែម្ដង ប្រសិនបើមានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែណាមួយត្រូវបានរកឃើញទោះដោយសម្ងាត់ ឬជាចំហក្ដីថាមានករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ឬមានអ្នកជាប់ឃុំណាមួយអាចទៅពាក់ព័ន្ធដោយផ្ទាល់នឹងបទល្មើសនៅខាងក្រៅ រួមទាំងបទល្មើសគ្រឿងញៀន ដោយប្រធានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែនោះនឹងទទួលខុសត្រូវមុនគេ ចំពោះបញ្ហាដែលបានកើតឡើង។

  

ដោយឡែក សម្រាប់កិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនជាមួយអាជ្ញាធរថៃជាប់ព្រំដែនកម្ពុជា ពិសេសការបង្ក្រាបការចរាចរណ៍ឆ្លងកាត់ទៅវិញទៅមក ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំឱ្យរដ្ឋបាលខេត្ត ក៏ដូចជាក្រុងស្រុកទាំង៥ រួមទាំងវរៈនគរបាលការពារព្រំដែនគោក ត្រូវបង្កើនការផ្លាស់ប្ដូរព័ត៌មានឱ្យបានលឿនរហ័ស និងជិតស្និទ្ធជាមួយភាគីថៃ ពិសេសលើការងារស្រាវជ្រាវស៊ើបអង្កេត និងការផ្លាស់ប្ដូរបទពិសោធ ពីព្រោះបញ្ហាគ្រឿងញៀន គឺសុទ្ធតែជាភារកិច្ចស្នូលដែលប្រទេសទាំងពីរ មានគោលដៅរួមដូចគ្នា។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្ដាំផ្ញើឱ្យបញ្ចូលរបៀបវារៈស្ដីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនទៅក្នុងកិច្ចសហប្រតិបត្តិការគ្រប់កម្រិតជាមួយអាជ្ញាធរថៃ ជាប់ព្រំដែនកម្ពុជា។

    

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានដឹកនាំប្រតិភូ បន្តដំណើរទៅសួរសុខទុក្ខកងកម្លាំង និងពិនិត្យច្រកទ្វារព្រំដែនតំបន់បឹងត្រកួន ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក និងច្រកទ្វារព្រំដែនអូរបីជាន់ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។ ច្រករបៀងទាំងពីរនេះ បាននិងកំពុងស្ថិតក្នុងបរិយាកាសសន្តិសុខយ៉ាងល្អប្រសើរ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗរវាងឈ្មួញ និងប្រជាជនទាំងសងខាង។ ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានមានប្រសាសន៍លើកទឹកចិត្តកងកម្លាំងដែលប្រចាំការតាមច្រកទ្វារ បង្កើនការយកចិត្តទុកដាក់បង្ក្រាបករណីចរាចរណ៍ឆ្លងកាត់គ្រឿងញៀនផងដែរ។

 

    

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ សមត្ថកិច្ច បាន​​​បង្ក្រាបករណី​គ្រឿងញៀន​ បានប្រមាណ ៣តោន ថយចុះជាង ៨០ភាគរយ ធៀបនឹងឆ្នាំ២០២២ ដែលមានជាង ១៤តោន។ ដោយឡែកចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច បានបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ៣ ៦២០ករណី ឃាត់ខ្លួន ៨ ៩២៥នាក់។ ចាប់តាំងពីដើមនីតិកាលទី៧ មក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកំណត់យកការងារអាទិភាព ចំនួន ៦ ក្នុងនោះដំបូងគេ ទី១. គឺការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងចុងក្រោយគេ ទី៦. គឺការពង្រឹងសន្តិសុខតាមបណ្ដាព្រំដែនគោក និងទឹក៕

       

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានផ្សេងៗ