ក្នុងរយៈពេល ១ខែ រដ្ឋបាលខេត្តតាមព្រំដែនកម្ពុជា-ថៃ ផ្តល់ប័ណ្ណព្រំដែន ជូនពលរដ្ឋប្រើប្រាស់ជាង ១៨ពាន់ក្បាល…………………
ក្នុងរយៈពេល ១ខែ គិតចាប់ពីថ្ងៃទី២៦ ខែសីហា រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ រដ្ឋបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ បានផ្តល់ប័ណ្ណព្រំដែន ជូនដល់ពលរដ្ឋប្រើប្រាស់ ចំនួន ១. ៨៦៨០ក្បាល។ លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា ក្នុងចំណោមប័ណ្ណព្រំដែន ដែលបានផ្ដល់ជូនពលរដ្ឋនោះរួមមាន៖ ខេត្តបាត់ដំបង ចំនួន ១.៨២៥ក្បាល ខេត្តបន្ទាយមានជ័យ ចំនួន ១០.០០៤ក្បាល ខេត្តឧត្តរមានជ័យ ចំនួន ៣.៣៣១ក្បាល ខេត្តប៉ៃលិន ចំនួន ៣.០១៨ក្បាល និងខេត្តកោះកុង មានចំនួន ៥០២ក្បាល។ ក្នុងរយៈពេលដូចគ្នានេះ បើតាមលោកបណ្ឌិតអ្នកនាំពាក្យរងដដែល ក្រសួងមហាផ្ទៃ ក៏បានបន្តបើកផ្ដល់ប័ណ្ណព្រំដែន ជូនរដ្ឋបាលខេត្តជាប់ព្រំដែនថៃ ចំនួន ២៦.០០០ក្បាលផងដែរ ក្នុងនោះខេត្តបន្ទាយមានជ័យ ទទួលបានច្រើនជាងគេ គឺមានរហូតដល់ទៅ ១២.០០០ក្បាល ខេត្តបាត់ដំបង ៣.៥០០ក្បាល ខេត្តឧត្តរមានជ័យ ៤.៥០០ក្បាល ខេត្តប៉ៃលិន ៥.០០០ក្បាល និងខេត្តកោះកុង ១.០០០ក្បាល។ ដោយឡែកសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកបណ្ឌិត ទូច សុឃៈ បានគូសបញ្ជាក់ដែរថា ការបើកផ្ដល់ប័ណ្ណព្រំដែន ជូនរដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ គិតចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ មិនទាន់មាននោះទេ។ យ៉ាងណាក៏ដោយ ក្នុងរយៈពេលដូចគ្នានេះ រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ បានចេញប័ណ្ណព្រំដែន ជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងខេត្តស្ទឹងត្រែង ចំនួន ៧ក្បាល។ សូមបញ្ជាក់ថា ប័ណ្ណព្រំដែន ប្រើប្រាស់សម្រាប់ឆ្លងដែន ឬជំនួសលិខិតឆ្លងដែន តែខុសគ្នាត្រង់ថា ប័ណ្ណនេះ អាចប្រើប្រាស់ឆ្លងដែនបានតែខេត្តដែលជាប់ព្រំដែនគ្នាតែប៉ុណ្ណោះ។ ការផ្ដល់សេវាប័ណ្ណព្រំដែនកម្ពុជា-ថៃ-ឡាវ ធ្វើឡើងតាមរយៈការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក និងទីតាំងផ្សេងទៀត តាមការចាំបាច់កំណត់ដោយរដ្ឋបាលក្រុង ស្រុកសាមី។ រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យរដ្ឋបាលក្រុង ស្រុក នៃខេត្តជាប់ព្រំដែនប្រទេសថៃ និងឡាវ បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អំពីតម្លៃសេវា និងរយៈពេលនៃការផ្តល់សេវាប័ណ្ណព្រំដែននេះ៕