ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៥

0
Spread the love
ទីស្តីការក្រសួងយុត្តិធម៌៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការថ្នាក់ជាតិ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក នៃគណៈកម្មការថ្នាក់ជាតិ, តំណាងអយ្យការទទួលបន្ទុកមណ្ឌលអប់រំកែប្រែទាំង៤, ប្រធានមណ្ឌលអប់រំកែប្រែទាំង៤ និងមន្ត្រីជំនាញមួយចំនួន។
ក្នុងកិច្ចប្រជុំនេះ, គណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសសរុបចំនួន ៣៣៥ នាក់ (ស្រី ៣៩ នាក់) ដែលទទួលបានពីពន្ធនាគាររាជធានី ខេត្ត ចំនួន ២៣ និងមណ្ឌលអប់រំកែប្រែចំនួន៤។
ជាលទ្ធផល, គណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃឃើញថា ទណ្ឌិតដែលមានលក្ខណសម្បត្តិ និងលក្ខខណ្ឌគ្រប់គ្រាន់ដែលអាចទទួលបានការបន្ធូរបន្ថយទោស និងការលើកលែងទោសមានចំនួន ២៤០ នាក់ (ស្រី ២៦ នាក់) ក្នុងនោះរួមមាន៖ (១)-ទណ្ឌិតចំនួន ១៨៣ នាក់ (ស្រី ១៥ នាក់) អាចទទួលការបន្ថយទោសរយៈពេល ៣ខែ, (២)-ទណ្ឌិតចំនួន ៥២ នាក់ (ស្រី ១១ នាក់) អាចទទួលការបន្ថយទោសរយៈពេល ៦ខែ, (៣)-ទណ្ឌិតចំនួន ៥ នាក់ អាចទទួលការបន្ថយទោសរយៈពេល ៩ខែ។
ដោយឡែក, ចំពោះទណ្ឌិតចំនួន ៩៥ នាក់ (ស្រី ១៣ នាក់) ផ្សេងទៀត ដែលគណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃឃើញថា ពុំអាចទទួលការបន្ធូរបន្ថយទោស និងការលើកលែងទោសបាន គឺសុទ្ធតែជាទណ្ឌិតដែលប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មធ្ងន់ធ្ងរ និងសាហាវឃោរឃៅដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀន, ករណីក្មេងទំនើង, ករណីឃាតកម្ម, ហិង្សាមានស្ថានទម្ងន់ទោស, ករណីជួញដូរមនុស្ស, ករណីរំលោភសេពសន្ថវៈលើអនីតិជន និងករណីឪពុករំលោភសេពសន្ថវៈលើកូនរបស់ខ្លួន ជាដើម។
ទន្ទឹមនេះ, គណៈកម្មការថ្នាក់ជាតិ ក៏បានសម្រេចបញ្ចូលទណ្ឌិតចំនួន ២នាក់ ដែលបានប្រព្រឹត្តបទល្មើសរំលោភសេពសន្ថវៈលើកូនស្រី បង្កើតខ្លួន ទៅក្នុងបញ្ជីឈ្មោះទណ្ឌិតដែលមិនអាចទទួលបានការបន្ធូរបន្ថយទោស ឬលើកលែងទោស (Black List)។ ដោយគិតមកដល់ ពេលបច្ចុប្បន្ននេះ, ទណ្ឌិតដែលត្រូវបានដាក់ចូលក្នុងបញ្ជីឈ្មោះ (Black List) មានចំនួន ៦៨នាក់ ដែលសុទ្ធសឹងតែជាទណ្ឌិតដែលបានប្រព្រឹត្តបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរ, សាហាវឃោរឃៅដែលពាក់ព័ន្ធនឹងករណីឃាតកម្ម, ករណីរំលោភសេពសន្ថវៈលើអនីតិជន និងករណីឪពុក ឬ ជីតា រំលោភសេពសន្ថវៈលើកូន ឬ ចៅរបស់ខ្លួនជាដើម។
ជាមួយគ្នានេះ ក្នុងកិច្ចប្រជុំនេះគណៈកម្មការថ្នាក់ជាតិ បានធ្វើការពិនិត្យលើគោលការណ៍មួយចំនួនដែលបានអនុវត្តនាពេលកន្លងមក និងបានសម្រេចដាក់ចេញនូវគោលការណ៍ ពុំលើកយកមកពិនិត្យពិចារណានោះឡើយ ចំពោះសំណើទាំងឡាយណាទាក់ទងនឹងទណ្ឌិតដែលបានប្រព្រឹត្តអំពើដូចខាងក្រោម៖
* ឧក្រិដ្ឋជនគ្រឿងញៀន
* អំពើសាហាវយង់ឃ្នង
* ករណីមិនរាងចាល
* ប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិ ឬសហព័ទ្ធ
* ប្រព្រឹត្តលើជនរងគ្រោះជាមន្ត្រីរាជការ ឬមន្ត្រីសាធារណៈ
* ជនរងគ្រោះជាអនីតិជនអាយុក្រោម១៣ឆ្នាំ
* ជនរងគ្រោះជាជនមានវិបល្លាសស្មារតី ឬពិការ ឬមានផ្ទៃពោះ
* ជនរងគ្រោះជាសាច់សាលោហិត
* ករណីរំលោភបូក
* ករណីប៉ុនប៉ង ឬបៀតបៀនកេរខ្មាសលើជនរងគ្រោះជាសាច់សាលោហិត
* ទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសច្រើនដងលើសពី១ភាគ៣នៃរយៈពេលផ្តន្ទាទោស។
២.ចំពោះសំណើលើកលែងទោស គណៈកម្មការជាតិនឹងបន្តរឹតបន្តឹងក្នុងការពិនិត្យ លើកលែងតែករណីចាំបាច់មួយចំនួន ឬហេតុផលមនុស្សធម៌តែប៉ុណ្ណោះ ។
៣.បន្តកំណត់ដាក់បញ្ជូលក្នុងបញ្ជីឈ្មោះ Blacklist នូវទណ្ឌិតទាំងឡាយណាដែលបានប្រព្រឹត្តបទល្មើស៖
* បទឧក្រិដ្ឋដែលជាអំពើសាហាវយ៉ង់ឃ្នង
* អំពើរំលោភផ្លូវភេទ លើជនរងគ្រោះជាសាច់សាលោហិតបង្កើតរបស់ខ្លួន ។
បន្ថែមពីនេះទៀត, ក្នុងពេលឆាប់ៗខាងមុខ គណៈកម្មការថ្នាក់ជាតិ គ្រោងនឹងរៀបចំកិច្ចប្រជុំពិសេសពាក់ព័ន្ធនឹងទណ្ឌិតជាស្ត្រីនៅក្នុងពន្ធនាគារ ដោយផ្តោតជាសំខាន់ទៅលើទណ្ឌិតជាស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតាមម្តាយ មកពិនិត្យ និងពិភាក្សា ដើម្បីទទួលបានការអនុគ្រោះទោស។

    

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានផ្សេងៗ