ម្តេចបានគេថា ក្រុមប្រឹក្សាឃុំ សង្កាត់ធ្វើការតាមរបៀប«ខ្លួនមួយពាក់មួកពីរ»?
យោងតាមច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាអង្គការតំណាងប្រជាពលរដ្ឋនៅក្នុងឃុំសង្កាត់របស់ខ្លួន និងមានបេសកកម្មបម្រើផលប្រយោជន៍ទូទៅក្នុងឃុំសង្កាត់។ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវជ្រើសរើសឡើងតាមការបោះឆ្នោត ដោយប្រជាពលរដ្ឋនៃឃុំ សង្កាត់របស់ខ្លួនស្របទៅតាមនីតិវិធីដែលកំណត់ដោយច្បាប់ស្តីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងមានអាណត្តិ៥ឆ្នាំ។
ជុំវិញចម្ងល់នេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា សាស្ត្រាចារ្យ ឬ អ្នកស្រាវជ្រាវការងារឃុំ សង្កាត់ ឧស្សាហ៍លើកឡើងថា ក្រុមប្រឹក្សាឃុំ សង្កាត់ ជាក្រុមអ្នកធ្វើការរបៀបខ្លួនមួយពាក់មួកពីរ មិនចម្លែកនោះទេ។ លោកបន្តថា ជាការពិតដូចច្នេះមែន ដោយសារតែ ទី១ក្រុមប្រឹក្សាឃុំ-សង្កាត់ទទួលអាណត្តិពីការបោះឆ្នោតដោយប្រជាពលរដ្ឋ។ ដូចនេះក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវតែធ្វើការបម្រើឱ្យផលប្រយោជន៍ និងបំពេញសេចក្តីត្រូវការប្រជាពលរដ្ឋដែលប្រៀបបាននឹងមួកមួយ។ ចំណែកមួកមួយទៀត គឺរាជរដ្ឋាភិបាល ពោលគឺ ជាឆ្លើយតបគោលនយោបាយរាជរដ្ឋាភិបាល តាមរយៈការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំដើម្បីធានាការអនុវត្តច្បាប់ និងអភិវឌ្ឍមូលដ្ឋាន ដើម្បីបម្រើប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។ ដូចនេះក្រុមប្រឹក្សាឃុំ-សង្កាត់ត្រូវមាគណនេយ្យភាពជាមួយរាជរដ្ឋាភិបាល ដែលជាមួកមួយទៀត។ សរុបមក ពាក្យដែលថា ក្រុមប្រឹក្សាឃុំ-សង្កាត់ធ្វើការតាមរបៀបខ្លួនមួយពាក់មួកពីរ គឺជាការល្អដោយសារតែ ទី១គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ត្រូវបានក្រុមប្រឹក្សាឃុំ-សង្កាត់យកមកអនុវត្តបានត្រឹមត្រូវ និងទី២ក៏បានបន្ស៊ីគ្នាជាមួយសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ស្របតាមគោលការណ៍នីតិរដ្ឋ និងការអភិវឌ្ឍតាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ៕