រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ សមិទ្ធផល និងស្នាដៃអ្វីដែលយើងចង់បន្សល់ទុកជូនរាជរដ្ឋាភិបាលកម្ពុជា?

0
Spread the love
«ទង្វើរបស់យើងនៅថ្ងៃនេះ គឺសរបញ្ជាក់ពីឥរិយាបថវិជ្ជមាន ឬអវិជ្ជមានសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង» មានន័យថា ទម្លាប់ស្អាតរបស់យើងនៅថ្ងៃនេះ ដែលបានរួបរួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងរើសសំអាតសំរាមថង់ប្លាស្ទិកនៅតាមផ្លូវឱ្យបានស្អាត ក្នុងន័យទប់ស្កាត់ការបំពុលនៅលើគោក ក្នុងទឹក និងខ្យល់អាកាសដោយសំណល់ប្លាស្ទិកទៅលើសុខភាពមនុស្ស និងបរិស្ថាន គឺជាការបន្សល់ទុកនូវមរតកស្អាតដល់អ្នកជំនាន់ក្រោយរបស់យើង ដោយមិនមានការចំណាយប្រាក់កាក់ និងពេលវេលា ឬរំខានដល់ការប្រកបរបររកស៊ីប្រចាំថ្ងៃរបស់យើងឡើយ។ គំនិតប្រៀបធៀបក្នុងន័យអប់រំលើកទឹកចិត្ត ដល់ក្រុមគ្រួសារបរិស្ថាន និងរដ្ឋបាលថ្នាក់ក្រោមជាតិខេត្តមណ្ឌលគិរី របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងឡើងនៅថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរខេត្តមណ្ឌលគិរី។
នៅចំពោះមុខមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ប្រមាណជិត ៣០០នាក់ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីថ្មី លោក ហាស់ វិបុល បានប្តេជ្ញាចិត្តក្នុងការការពារសុខភាពប្រជាពលរដ្ឋ សុខភាពបរិស្ថានខេត្តមណ្ឌលគិរី ក្នុងនាមជាផ្នែកមួយនៃរដ្ឋបាលថ្នាក់ក្រោមជាតិខេត្តមណ្ឌលគិរី តាមរយៈការពង្រឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានភាពស្អាត ភាពបៃតង និងចីរភាពជាសសរស្តម្ភចម្បង ក្នុងការអនុវត្តនូវយុទ្ធនាការកាត់បន្ថយប្លាស្ទិក កម្ពុជាស្អាតខ្មែរធ្វើបាន យុទ្ធនាការពន្លកបៃតង និងយុទ្ធនាការជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេចរណ៍ជាតិ អន្តរជាតិ ឱ្យមកលេងកម្សាន្តនៅខេត្តមណ្ឌលគិរី ហើយសម្រស់ដែលខេត្តមណ្ឌលគិរីស្វាគមន៍ភ្ញៀវដំបូងគេនោះគឺផ្ទះរបស់យើងស្អាត។
ស្របនឹងការលើកឡើងនេះ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានថ្លែងគាំទ្រ និងលើកទឹកចិត្តឱ្យអនុវត្តភារកិច្ចដែលរដ្ឋបាលខេត្តប្រគល់ជូនដោយស្មារតីសាមគ្គីភាព រួបរួមដើម្បីស្ថិរភាព និងសន្តិភាពស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចបវរធិបតី ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ជាការគូសបញ្ជាក់បន្ថែម ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានថា ការរួមគ្នាបំពេញមុខងារ តាមតួនាទី និងភារកិច្ចរបស់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់បានល្អ គឺជាអំណោយរបស់យើងជូនចំពោះសម្តេចមហាបវរធិបតី ហើយអំណោយដ៏មានតម្លៃនោះ គឺកម្ពុជាស្អាតក្នុងនីតិកាលទី៧ នៃការដឹកនាំរបស់សម្តេចធិបតី ដែលឆ្លាក់ចារក្នុងប្រវត្តិសាស្រ្តកម្ពុជា ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានពាំនាំនូវសារធុការពរពីសម្តេចធិបតីជូនចំពោះមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃខេត្តមណ្ឌលគិរីទាំងអស់៕

 

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានផ្សេងៗ