ផ្លែទុរេនវៀតណាម សម្រុកឆ្លងដែនមកខ្មែរយ៉ាងគំហុក ចូលតាមច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្ល៍ ស្រុកកំពង់រោទ៌ ..!!

ខេត្តស្វាយរៀង ៖ ឈ្មួញវៀតណាម នាំទុរេនពីប្រទេសវៀតណាម ឆ្លងដែនយ៉ាងគំហុក យកមកលក់ឲ្យឈ្មួញខ្មែរ នៅចំណុចសូន្យ នៃមាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ក្នុង១ថ្ងៃៗ រាប់សិបរថយន្ត ដូចគេហែ កឋិនដោយតម្លៃទុរេនវៀតណាម ធ្លាក់តម្លៃយ៉ាងខ្លាំង គឺ១គីឡូ ៥,០០០រៀលប៉ុណ្ណោះ ។
ការនាំទុរេនពីប្រទេសវៀតណាមដ៏ចម្រូងចម្រាស ដោយសមត្ថកិច្ចនគបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ សុំឲ្យខាងវៀតណាម ផ្អាកការនាំចូលទុរេនមកប្រទេសកម្ពុជា រយៈពេល១០ថ្ងៃ ដើម្បីសុំគោលការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ឬ ក.ប.បខេត្ត ឲ្យចុះពិនិត្យគុណភាព និងភូគាមអនាម័យ លើផ្លែទុរេន ដែលជាផលិតផលរបស់ប្រទេសវៀតណាម ដែលក្រសួងកសិកម្ម បានចេញសេចក្តីប្រកាស់មិនអនុញ្ញាតឲ្យនាំទុរេនពីប្រទេសជិតខាង ចូលមកព្រះរាជាណាចក្រកម្ពុជា ជាពិសេសចូលមកតាមច្រកទ្វារព្រំដែននានា ក្នុងរដ្ឋបាលខេត្តស្វាយរៀង ក៏ប៉ុន្តែលោកមន្ត្រីគយ និងរដ្ឋាករ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ បានអនុញ្ញាតឲ្យឈ្មួញវៀតណាមនាំទុរេនចូល ដោយខ្លាចបាត់ចំណូលពន្ធ ។


ការមិនចុះសម្រុងគ្នានេះ បានកើតឡើងនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ស្ថិតនៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង ។
ទាក់ទិនករណីនេះដែរ លោកឧត្តមសេនីយ៍ ប៉ាង ឡេង នាយប៉ុស្តិ៍នគបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ បានប្រាប់កោះសន្តិភាពថា លោកបានស្នើសុំទៅភាគីវៀតណាម សុំឲ្យផ្អាកការនាំផលិតផលផ្លែទុរេនឆ្លងដែន ចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ រយៈពេល១០ថ្ងៃ ដោយក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ចេញសេចក្តីប្រកាសមិនអនុញ្ញាតឲ្យនាំទុរេនពីប្រទេសជិតខាង ចូលមកកម្ពុជាទេ និងដើម្បីទុកពេលឲ្យមន្ត្រីជំនាញរបស់ក្រសួងកសិកម្ម និងក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ចុះពិនិត្យគុណភាព និងភូគាមអនាម័យ និងសារធាតុគីមី ដែលនាំឲ្យប៉ះពាល់សុខភាពអ្នកបរិភោគ។ ក៏ប៉ុន្តែខាងមន្ត្រីគយ និងរដ្ឋាករប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ជាអ្នកអនុញ្ញាតឲ្យវៀតណាម នាំទុរេនចូល ដោយមន្ត្រីគយ និយាយថា ការបិទមិនឲ្យវៀតណាម នាំទុរេនចូល ធ្វើឲ្យបាត់ចំណូលពន្ធ ម្យាងទៀត ខ្លាចភាគីវៀតណាម បិទមិនអនុញ្ញាតឲ្យខ្មែរយើងនាំផ្លែស្វាយ នាំស្រូវ នាំដំឡូង ទៅប្រទេវៀតណាមវិញ ។
ករណីនេះដែរ លោក ប៉ែន ចន្ធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្វាយរៀង បានប្រាប់កោះសន្តិភាពដែរថា មន្ទីរកសិកម្ម គ្មានសិទ្ធិក្នុងការដាក់មន្ត្រី ចុះទៅធ្វើការនៅតាមច្រកទ្វារព្រំដែន ពិនិត្យគុណភាព ឬភូគាមអនាម័យ នៅតាមព្រំដែនទេ គឺមានតែផ្នែក ចត្តាឡីស័ក បាញ់ថ្នាំអនាម័យកង់រថយន្តទេ ។
ចំណែកឯ លោក ហ៊ាន តារា ប្រធានសាខានាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប)ខេត្តស្វាយរៀង បានប្រាប់អ្នកសារព័ត៌មានកោះសន្តិភាពថា ក.ប.ប.ខេត្តស្វាយរៀង ពុំមានភារកិច្ចចុះទៅពិនិត្យគុណភាពទំនិញតាមច្រកទ្វារព្រំដែនទេ ដោយសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាល អាណត្តិមុន បានបញ្ចប់ភារកិច្ច ក.ប.ប. មានភារកិច្ចចុះពិនិត្យគុណភាពទំនិញ ដាក់លក់នៅក្នុងទៅផ្សារប៉ុណ្ណោះ ។
ទោះបីមានការចម្រូងចម្រាសក៏ដោយ ការបើកឲ្យឈ្មួញវៀតណាមនាំផ្លែទុរេនឆ្លងដែនតាមច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍នេះ គឺចាប់ពីម៉ោង៧និង០០នាទីព្រឹក ដល់វេលាម៉ោង២និង០០នាទីរសៀល ត្រូវបានអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានដាក់បទបញ្ជាឲ្យបិទការនាំទុរេនពីប្រទេសវៀតណាម មួយរយៈសិន រង់ចាំការដោះស្រាយ ។ ក៏ប៉ុន្តែមហាជនបានលើកឡើងថា ទំរាំតែបិទ ឈ្មួញខ្មែរបានសម្រុកចូលទៅទិញទុរេនពីប្រទេសវៀតណាម មួយព្រឹកជិត៣០រថយន្តឯណោះ ។
ទាក់ទិនករណីនេះដែរ មិនអាចរកការបំភ្លឺពីលោកប្រធានសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង បានទេ រហូតដល់វេលាម៉ោង៥និង០០នាទីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ ។ ចំពោះទុរេននាំចូលពីប្រទេសវៀតណាមនេះ ឈ្មួញបានដឹកតាមរថយន្តភីកអាប់ Pick Up និងរថយន្តធូរីស យកមកដាក់លក់នៅក្នុងខេត្តស្វាយរៀង និងដឹកទៅខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងរាជធានីភ្នំពេញ ៕







