ថៃ ចុះកិច្ចសន្យាទិញ «ដំឡូងមី និងពោតក្រហម» ៤សែនតោន ក្នុងមួយឆ្នាំពីកម្ពុជា …!!

ភ្នំពេញ៖ ក្រុមហ៊ុន Koson Group របស់ថៃ បានចុះកិច្ចព្រមព្រៀងប្រមូលប្រមូលទិញដំឡូងមី ៣០០ ០០០ តោន និងពោតក្រហម ១០០ ០០០តោន ក្នុងមួយឆ្នាំពីកម្ពុជា។ នេះបើតាមការចេញផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៥ ខែមេសា។
លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមី នៅថ្ងៃទី២២ ដល់២៥ ខែមេសា បានធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីជួបពិភាក្សាជាមួយសភាឧស្សាកម្មថៃ និងទស្សនកិច្ចរោងចក្រធំៗមួយចំនួន។ ក្នុងដំណើរនោះ សហព័ន្ធដំឡូងមីកម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Koson Group ក្នុងការបញ្ជាទិញដំឡូងមី ៣០០ ០០០តោន និងពោតក្រហម ១០០ ០០០តោន ក្នុងមួយឆ្នាំពីកម្ពុជា។
ដំឡូងមីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាជននៅតាមទីជនបទនិងបង្កើតការងារថ្មី ក៏ដូចជាអភិវឌ្ឍន៍វិជ្ជាជីវៈនៅក្នុងការដាំដុះ ការប្រមូលផលការកែច្នៃ សម្រាប់ការនាំចេញ ជាពិសេសវាជាដំណាំកសិ-ពាណិជ្ជកម្មសម្រាប់ការនាំចេញនិងមិនមែនជាអាហារមូលដ្ឋានសម្រាប់ចិញ្ចឹមជីវិតរបស់ប្រជាជនកម្ពុជាឡើយប៉ុន្តែវាជាដំណាំសំខាន់បំផុតបន្ទាប់ពីស្រូវ ពោត និងស្រូវសាលីហើយត្រូវបានដាំដុះដោយប្រជាកសិករនៅតាមទីជនបទ និងបានក្លាយទៅជាដំណាំសក្តានុពលដោយសារតំបន់ដាំដុះ និងបរិមាណនៃផលិតផល មានការពង្រីកច្រើនឡើងៗ យ៉ាងឆាប់រហ័ស។
ជាមួយគ្នានេះ រដ្ឋាភិបាលក៏គាំទ្រដល់អ្នកកែច្នៃផលិតផលដំឡូងមីឱ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីធ្វើឱ្យផលិតផលសក្ដានុពលមួយនេះ មានតម្លៃបន្ថែមសម្រាប់ផ្គត់ផ្គង់ទីផ្សារក៏ដូចជាទាក់ទាញវិនិយោគបន្ថែមក្នុងវិស័យដំឡូងមី។ ក្នុងនោះដែរមានការលើកកម្ពស់ភាពប្រកួតប្រជែងពាណិជ្ជកម្ម តាមរយៈការជ្រៀតចូលនិងចាប់យកចំណែកទីផ្សារ កែលម្អកិច្ចសម្រួលពាណិជ្ជកម្ម កាត់បន្ថយចំណាយដែលមិនចាំបាច់និងសម្របសម្រួលជាមួយអន្តរវិស័យដែលពាក់ព័ន្ធក្នុងការនាំចេញ ។
ចេញផ្សាយ : ២៥ មេសា ២០២៥ ✍️