ឈានដល់ការសម្រុះសម្រួលជាផ្លូវការ រវាងបុរី VIP និង អតិថិជន
យោងតាមកំណត់ហេតុប្រជុំ ក្រោយការសម្រុះសម្រួលរវាងបុរី VIP និង អតិថិជន ក្រោមការដឹកនាំរបស់លោកស្រីអភិបាលខណ្ឌដង្កោ គឺបុរីវីអាយភី និង អតិថិជន ដែលមានប្រតិកម្មជុំវិញការសាងសង់មានការយឺតយ៉ាវព្រោះបញ្ហាកូវីត១៩ បានបង្ហាញពីដំណោះស្រាយមួយជាវិជ្ជមានហើយ ដោយឈានដល់ការឯកភាព ក្រោមវត្តមានអភិបាលខ័ណ្ឌដង្កោជាអ្នកដឹកនាំកិច្ចសម្រុះសម្រួល និង ជាសាក្សីផ្ទាល់។
លោក ស៊ុ ស៊ីដេត ប្រធានគ្រប់គ្រងបុរី VIP ជាតំណាងអោយ លោក ហម រ៉ន និង លោក វ៉ន វណ្ណៈ នាយកក្រុមហ៊ុនបុរីវីអាយភី បានលើកឡើងថា ជាការឯកភាព គឺក្នុងឆ្នាំ២០២២នេះ ក្រុមហ៊ុននឹងសម្រេចផែនការហិរញ្ញវត្ថុ បញ្ចប់គម្រោងសាងសង់ផ្ទះទាំងអស់ ជូនដល់ប្រជាពលរដ្ឋ ដោយនឹងចេញប័ណ្ណកម្មសិទ្ធិជាផ្លូវការផង ជូនដល់ម្ចាស់ផ្ទះនីមួយៗតាមលំដាប់។ ក្រុមហ៊ុន នឹងមិនធ្វើអោយមានការយឺតយ៉ាវក្នុងការប្រគល់ផ្ទះជូននោះឡើយ ក្រោយការឯកភាព។
មកទល់ពេលនេះ ក្រុមហ៊ុនបានបញ្ចប់ការសាងសង់រួចរាល់លើសពី៨០ភាគរយរួចហើយ ហើយបញ្ហាដែលបានយឺតយ៉ាវ រហូតអ្នកខ្លះផ្ទុះការតវ៉ានោះ មិនមែនជាចេតនារបស់ក្រុមហ៊ុននោះទេ ប៉ុន្តែគឺបណ្ដាលមកពីបញ្ហាកូវីត១៩ ដែលបានរាំងស្ទះក្នុងគម្រោងសាងសង់ ព្រោះតែបញ្ហាកម្មករមិនហ៊ានមកធ្វើការ និង ដោយសារតែសម្ភារះសំណង់ស្ទើរគ្រប់ផ្នែកដែលក្រុមហ៊ុនបានកុម្ម៉ង់ពន្លឿនការសាងសង់ ត្រូវបានរាំងស្ទះ ព្រោះតែច្រកដឹកជញ្ជូនមួយចំនួនត្រូវរាំងខ្ទប់។ ក្នុងនោះ ការបង្រួមក្បាលដី បញ្ហាដូរប្រភេទក្បាលដីក្នុងកាបំបែកក្បាលដី ជូនដល់ពលរដ្ឋ ក៏ត្រូវប្រើពេលវេលាផងដែរ ទើបការងារកន្លងមក មានភាពយឺតយ៉ាវ ហើយបង្កអោយអតិថិជនខ្លះមានរឿងអន់ចិត្ត។ នៅចំពោះមុខ លោកស្រី គឹម ញឹក អភិបាលខ័ណ្ឌដង្កោ លោក ស៊ុ ស៊ីដេត បានបញ្ជាក់នៅក្នុងឯកសារថា គម្រោងផ្ទះទាំងអស់របស់ក្រុមហ៊ុនបុរីវីអាយភីនៅភ្នំពេញ នឹងសម្រេចប្រគល់ផ្ទះជូនដល់អតិថិជនមិនអោយហួសពីចុងឆ្នាំ២០២២នេះឡើយ ហើយក្រុមហ៊ុនក៏ធ្វើប័ណ្ណបំបែកក្បាលដីជាបន្តបន្ទាប់ និង អោយបានលឿនបំផុត ក្រោយការប្រគល់ផ្ទះជូន។ ក្រុមហ៊ុនក៏បានដាក់កំហិតអោយក្រុមហ៊ុនសាងសង់ត្រូវតែបញ្ចប់ការសាងសង់ អោយបានទាំងស្រុង នៅចុងខែធ្នូ ក្នុងឆ្នាំ២០២២ ដើម្បីអោយមានទំនុកចិត្តដល់គ្រប់អតិថិជន ក្រោយការព្រមព្រម។ លោកថា ក្រុមហ៊ុនសូមទទូចអោយអតិថិជន ដែលមានចម្ងល់ នឹងមានបញ្ហា ចង់អោយក្រុមហ៊ុនធ្វើការដោះស្រាយ សូមទំនាក់ទៅកាន់ការិយាល័យបុរីវីអាភី ដែលស្ថិតនៅ ភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ក្នុងខណ្ឌដង្កោ នៅត្រង់ច្រកចូលបុរីគ្រប់ម៉ោងធ្វើការ ជៀសវាងមានការមិនពេញចិត្តអ្វីមួយ ហើយមានការតវ៉ា។
ក្រោយការបញ្ជាក់អមដោយលិខិតកំណត់ហេតុផ្លូវការរបស់លោក ស៊ុ ស៊ីដេត គេឃើញអតិថិជន ជាច្រើនដែលចូលរួមដោះស្រាយក្នុងចម្រូងចម្រាស់នៅក្នុងថ្ងៃនោះ អបអរសាទរ និង សប្បាយចិត្តក្នុងការទទួលយកយ៉ាងខ្លាំង ដែលចរន្តនៃការឯកភាពនេះ ក៏បង្ហាញអោយឃើញកាន់តែច្បាស់ពីជំហរដោះស្រាយរបស់បុរី ទៅកាន់អតិថិជន ដើម្បីបញ្ចប់នូវរាល់បាតុភាពផ្សេងៗ ដែលធ្លាប់កើតឡើង។ ក្រឡេកទៅមើលបុរីវីអាយភីឯណោះវិញ ក៏ឃើញមានសកម្មភាពសាងសង់ពីសំណាក់កម្មករយ៉ាងគគ្រឹកគគ្រេងខុសប្លែកពីពេលមុនផងដែរផង ដើម្បីអោយការសាងសង់រួចរាល់មុនកំណត់ ព្រោះបើតាមការរំពឹងទុករបស់លោក ស៊ុ ស៊ីដេត គឺគម្រោងទាំងមូល នឹងអាចប្រគល់ផ្ទះជូនដល់អតិថិជនមុនកំណត់ ប្រសិនបើគ្មានការប្រែប្រួល។