ចេញពីលេងកម្សាន្ត នៅរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង បើកបរក្នុងល្បឿនលឿន បណ្តាលឱ្យក្រឡាប់ធ្លាក់ផ្លូវស្លាប់ម្នាក់ និងរងរបួសធ្ងន់៥នាក់ នៅពោធិ៍សាត់
ពោធិ៍សាត់៖ ហេតុការណ៍នេះ បានកើតឡើង នា ល្ងាច ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នៅចំណុចលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សប្បាយក្លាយជាទុក្ខ! ចេញពីលេងកម្សាន្ត នៅរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង បើកបរក្នុងល្បឿនលឿន ផ្លូវកោងមិនប្រយ័ត្ន ជ្រុលចង្កូតធ្លាក់ផ្លូវ ទៅបុកដើមត្នោតក្រឡាប់ បណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់៥នាក់ (ស្រី៤នាក់)។រថយន្តបង្កហេតុ ជាប្រភេទរថយន្ត TOYOTA HILUX VIGO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-2368 បើកបរដោយឈ្មោះ យិន សុភ័ក្ត្រ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ (មិនរងរបូស) ធ្វើដំណើរមកពីលេងកម្សាន្ត នៅរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង លុះមកដល់ចំណុចកើតហេតុ (ផ្លូវកោង) មិនប្រយ័ត្ន ក៏ជ្រុលចង្កូតធ្លាក់ផ្លូវ ទៅបុកដើមត្នោតក្រឡាប់តែម្តង បណ្តាលឱ្យអ្នករួមដំណើរនៅលើរថយន្ត ស្លាប់ម្នាក់(ប្រុស) និងរងរបួសធ្ងន់៥នាក់ (ស្រី៤នាក់)។
ប្រភពបានបន្តថា ជនរងគ្រោះមានឈ្មោះ៖ទី១-ឈ្មោះ ថោង ពឿន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ជាអ្នករួមដំណើរ រងរបួសធ្ងន់ ហើយបានស្លាប់ ពេលបញ្ជូនទៅសង្គ្រោះនៅរាជធានីភ្នំពេញ។ទី២-ឈ្មោះ សៀវ លេខ ភេទស្រី អាយុ២៥ឆ្នាំ ខ្មែររស់នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ជាអ្នករួមដំណើរ រងរបួសធ្ងន់។ទី៣-ឈ្មោះ ទូច ស៊ីវម៉េង ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ជាអ្នករួមដំណើរ រងរបួសធ្ងន់។ទី៤-ឈ្មោះ ផាត ស្រីនីន ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ជាអ្នករួមដំណើរ រងរបូសធ្ងន់។ទី៥-ឈ្មោះ រស្មី ម៉ារ៉ាឌី ភេទស្រី អាយុ១០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ជាអ្នករួមដំណើរ រងរបួសធ្ងន់។ទី៦-ឈ្មោះ រស្មី ស៊ាវីត ភេទប្រុស អាយុ១១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ជាអ្នករួមដំណើរ រងរបួសធ្ងន់។ប្រភពបានបន្ថែមថា មូលហេតុ ដែលបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺដោយសារអ្នកបើកបរ បើកក្នុងស្ថានភាពល្បឿនលឿន (ផ្លូវកោង) មិនប្រយ័ត្ន។សាកសពជនរងគ្រោះ កំពុងរៀបចំធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ (ផ្សារតាលោ) ដោយឡែកជនរងគ្រោះ៥នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត៕