សមត្ថកិច្ចជំនាញ ចាប់ខ្លួនជនជាតិចិនម្នាក់ ករណីកែច្នៃ ជួញដូរគ្រឿងញៀន និងរឹបអូសគ្រឿងញៀនជាង ៦គីឡូក្រាម
ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណ: នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៩និង២០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៣) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ប្រុញ សាន និងលោកឧត្តមសេនីយ៍ទោ ភឹម ច័ន្ទតារ៉ា នាយករងមន្ទីរ ព្រមទាំងមានការសម្របសម្រួលពីលោក ទី មុនិន្ទ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបនៅចំណុច ផ្ទះជួលលេខ១ ផ្លូវលេខ៦ បុរីសែនសុខ សង្កាត់ទួលសង្កែ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
ការបង្រ្កាបខាងលើនេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លី ស៊ូចៃ (LY XU JAY) ភេទប្រុស កើតឆ្នាំ១៩៥៩ ជនជាតិ ចិន។
វត្ថុតាងចាប់យករួមមាន៖ អ៊ិចស្តាស៊ី (MDMA) ទម្ងន់សុទ្ធ ៦ គ.ក្រ ៤០ក្រាម, កេតាមីន(KETAMINE)ទម្ងន់សុទ្ធ ១០.២៥ក្រាម។សរុបសារធាតុញៀនទម្ងន់ ០៦ គ.ក្រ ៥០.២៥ ក្រាម និង សារធាតុផ្សំ ៩ គ.ក្រ ៦៦៥ក្រាម, ឧបករណ៍កែច្នៃមួយចំនួន ។បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី៕