បុរស២នាក់ត្រូវដេញចាប់ខ្លួនបាន ក្រោយឃើញសមត្ថកិច្ចភ្លាមជិះរត់គេចខ្លួនភ្លែត

Spread the love

ភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យចំនួន២នាក់ក្នុងចំណោមបក្សពួកជាច្រើននាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ ធ្វើការជិះប្រដេញនិងចាប់ឃាត់ខ្លួនបាន បន្ទាប់ពីជនសង្ស័យទាំងនេះបានឃើញកម្លាំងសមត្ថកិច្ចភ្លាម ហើយក៏ព្យាយាមជិះរត់គេចខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ថ្ងៃទី១ខែមីនាឆ្នាំ២០២២នៅត្រង់ចំណុចខាងមុខស្ថានីយប្រេងឥន្ធនៈភីធីធី តាមបណ្ដោយផ្លូវ២០០៤ ស្ថិក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។តាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ បានអោយដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានធ្វើការជិះម៉ូតូល្បាតមើលក្នុងភូមិសាស្ត្រ ដើម្បីកាត់បន្ថយ និងទប់ស្កាត់បទល្មើសផ្សេងៗដែលអាចនឹងកើតមានដោយប្រការណាមួយ។

សមត្ថកិច្ខណ្ឌបន្តថា លុះពេលដែលកម្លាំងល្បាតជិះដល់ចំណុចក្បែរក្លឹបកម្សាន្ត «ហ្ស៊ុក» តាមបណ្ដោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កម្លាំងល្បាតក៏បានប្រទះឃើញជនសង្ស័យទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1JE-0363 រួមជាមួយនឹងបក្សពួកជិះម៉ូតូជិត១០គ្រឿងផ្សេងទៀត ដែលបានជិះដេញគ្នាយ៉ាងប្រសាចតាមបណ្ដោយផ្លូវ១៩៨៦ ក្នុងទិសដៅពីកើតទៅលិច ដោយក្នុងលក្ខណៈគួរឱ្យសង្ស័យ។សមត្ថកិច្ចបន្តថា ខណៈពេលនោះ កម្លាំងល្បាតក៏បានហៅជនសង្ស័យ រួមជាមួយបក្សពួកឲ្យឈប់ដើម្បីធ្វើការត្រួតពិនិត្យ ប៉ុន្តែគ្រាន់តែជនសង្ស័យ និងបក្សពួកបានឃើញកម្លាំងល្បាតភ្លាម ក៏បានបន្ថែមល្បឿនព្យាយាមជិះគេចខ្លួនភ្លែត ហើយកម្លាំងល្បាតក៏បានជិះប្រដេញតាមពីក្រោយតែម្តង។សមត្ថកិច្ចបន្តទៀតថា លុះរហូតដល់ចំណុចកើតហេតុជនសង្ស័យទាំង២នាក់ខាងលើនោះក៏បានជិះទៅបុកខឿនសួនច្បាររបស់ស្ថានីយប្រេងឥន្ធនៈភីធីធី បណ្តាលឲ្យម៉ូតូរងការខូចខាតបាក់កាំកង់ខាងមុខតែម្តង ចំណែកឯជនសង្ស័យទាំង២នាក់វិញក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនភ្លាមៗផងដែរ។ ដោយឡែកបក្សពួកផ្សេងទៀត បានជិះគេចខ្លួនបាត់ស្រមោលតែម្តងទៅ។បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាំង ត្រូវបានសមត្ថកិច្ចនាំយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរ និងរង់ចាំចាត់ការទៅតាមនីតិវិធី៕

About The Author

ព័ត៌មានផ្សេងៗ