ចែកគ្នាដឹង! ឆ្នាំនេះ សង្ក្រាន្តចូលមកថ្ងៃទី ១៤ មេសា វេលាម៉ោង ១០:០០ ព្រឹក ទេវតាព្រះនាម កិរិណីទេវី
យោងតាមផែនការណែនាំ របស់គណកម្មាធិការជាតិ រៀបចំបុណ្យជាតិ និងអន្តរជាតិ បានឱ្យដឹងថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស .២៥៦៦ គ.ស.២០២២ នឹងប្រព្រឹត្តទៅ តាមដំណើរសង្ក្រាន្ត ដោយឆ្នាំនេះ សង្ក្រាន្តចូលមកថ្ងៃព្រហស្បតិ៍ ១៣ កើត ខែចេត្រ ត្រូវនឹងថ្ងៃ ១៤ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ១០:០០ នាទីព្រឹក ។
ក្នុងនោះ នៅថ្ងៃសុក្រ ១៤ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២២ ជាថ្ងៃវ័នបត។ ឯថ្ងៃសៅរ៍ ១៥ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២២ ជាថ្ងៃឡើងស័ក។គម្រប់សង្ក្រាន្ត ៣ ថ្ងៃ ចប់ដោយបរិបូរណ៍ ចូលឆ្នាំខាល ចត្វាស័ក តរៀងទៅ។ បន្ថែមលើសពីនេះ ឆ្នាំថ្មីនេះ ទេវតាឆ្នាំថ្មី ដែលនឹងយាងមកឃុំគ្រង ទឹកដីព្រះរាជាណាចក្រកម្ពុជា ទ្រង់មានព្រះនាម កិរិណីទេវី៕