បុរសជនបរទេសម្នាក់មិនដឹងមានវិបត្តិអ្វីមកដេកនៅលើដងផ្លូវ ត្រូវរថយន្តមិនចាំម៉ាកបើកកិនពីលើបណ្ដាលឲ្យស្លាប់
ភ្នំពេញ ៖ បុរសជនបរទេសម្នាក់ពុំដឹងថាមានវិបត្តិអ្វីនោះទេ បានដើរមកដេកនៅលើដងផ្លូវ ត្រូវរថយន្តមិនចាំម៉ាក បើកទៅបុករួចកិនពីលើ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ១និង ៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៨ខែមីនាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសជនបរទេសម្នាក់ ស្ពាយកាបូបរួចក៏បានដាក់កើយ ដេកនៅលើដងផ្លូវ ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានរថយន្តមិនចាំម៉ាក បើកចេញពីចំណុចរង្វង់មូលវិមានឯករាជ្យ តាមបណ្ដោយផ្លូវនរោត្តម ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿនបានបុករួចកិនពីលើបណ្តាលឲ្យជនបរទេសរូបនោះ ស្លាប់នៅនឹងកន្លែងកើតហេតុ ក្រោយហើតហេតុរថយន្តបានបន្តល្បឿនបើកទៅមុខរត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ បានចុះមកពិនិត្យកន្លែងកើតហេតុ និងធ្វើកំណត់ហេតុប្រគល់សព ឲ្យរថយន្តសាមុយ យកទៅតម្កល់ទុកនៅវត្តស្ទឹងមានរងចាំស្វែងរកក្រុមគ្រួសារមកទទួលសពយកទៅធ្វើបុណ្យនៅពេលក្រោយ៕