កុំចេះតែហ៊ាន! ចាប់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ក្រោយបង្ហោះសារឌឺដងក្នុង Tiktok

Spread the love

កំពត៖ ក្រោយពីមានការបង្ហោះសារឌឺដងតាមរយៈបណ្តាញសង្គម Tiktok កាលពីពេលថ្មីៗនេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដឹកនាំដោយ លោកវរសេនីយ៍ទោ ទឹម សុភាព នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចាប់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឆាយ ធារ៉ា ភេទ ប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិផ្តុំផ្តៅ ឃុំត្រពាំងភ្លែង ស្រុកឈូក ខេត្តកំពត នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។

តាមការឱ្យដឹងពីសមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យខាងលើ ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។ ក្រោយចាប់ខ្លួន សមត្ថកិច្ចបានរកឃើញថ្នាំញៀនចំនួន ២៣កញ្ចប់ ម៉ូតូ ១គ្រឿង និងទូរស័ព្ទដៃចំនួន ២គ្រឿង។ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបង្ហោះនៅលើហ្វេសបុកផេកផ្លូវការរបស់លោក ដោយសរសេរថា “អត់ចង់លេងទេ ចង់ចាប់តែម្តង” ក្រោយពេលចាប់ខ្លួនជនសង្ស័យខាងលើ ដោយភ្ជាប់នូវវីដេអូ Tiktok ដែលជនសង្ស័យខាងលើបង្ហោះឌឺដង។

ក្រោយមានចំណាត់ការ ដែលឈានទៅការកំណត់មុខសញ្ញា និងចាប់ខ្លួនជនសង្ស័យបានលឿនដូចនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុក បានសារទរ និងគាំទ្រចំពោះវិធានការរបស់មត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត៕

About The Author

ព័ត៌មានផ្សេងៗ