សហគ្រិនមួយក្រុមគ្រោងនឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍មួយជួយដល់អ្នកដែលចង់បង្កើតអាជីវកម្មថ្មីៗនៅកម្ពុជា
រាជធានីភ្នំពេញ ៖ ដើម្បីជួយសហគ្រិនថ្មីថ្មោងឬអ្នកដែលមានបំណងបង្កើតអាជីវកម្មថ្មីៗនៅក្នុងប្រទេសកម្ពុជា សហគ្រិនមួយក្រុមនៅកម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍មួយនៅចុងខែតុលានេះ ដែលព្រឹត្តិការណ៍នេះដែរ នឹងចូលរួមចំណែកមួយជាមួយរដ្ឋាភិបាលក្នុងការបង្កើតអាជីវកម្មថ្មីៗរបស់សហគ្រិននឹងផ្ដល់ឱកាសការងារប្រាក់ចំណូលចូលរួមដល់សកម្មភាពសេដ្ឋកិច្ចឱ្យដំណើរការឡើងវិញក្រោយវិបត្តិកូវីដ១៩ ។
លោកសំ កុសល ដែលជាអ្នករៀបចំនូវព្រឹត្តិការណ៍នេះ បានឱ្យដឹងថាព្រឹត្តិការណ៍ ពិព័រណ៍មុខរបរឬហៅថា Start Up Expo ២០២២នេះ ជាគន្លឹះដ៏សំខាន់មួយសម្រាប់អ្នកមានបំណងចង់បង្កើតអាជីវកម្មថ្មីៗនៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីស្ថានភាពកូវីដ១៩បានប្រសើរ ។ ព្រឹត្តិការណ៍នេះនឹងមានម្ចាស់អាជីវកម្មល្បីៗចែករំលែកនូវគំនិតល្អៗសម្រាប់ជាទុនក្នុងការត្រិះរិះពិចារណាដើម្បីបង្កើតនូវ អាជីវកម្មមួយនៅក្នុងប្រទេសប្រកបដោយភាពជោគជ័យ ។
លោកបន្តថា គោលដៅដ៏ធំបំផុតនៃព្រឹត្តិការណ៍នេះគឺការប្រមូលនូវគំនិតរកស៊ីល្អៗនៅក្នុងប្រទេសកម្ពុជាមកតាំងបង្ហាញ នៅក្នុងថ្ងៃនោះតែម្ដង ។ កន្លងមកអ្នកចេញរកស៊ីដំបូងតែងតែមានផលពិបាក ដោយមិនដឹងថាត្រូវធ្វើយ៉ាងណាឱ្យការធ្វើអាជីវកម្មរបស់ខ្លួនមានស្ថេរភាព ហើយនៅក្នុងពិព័រណ៍ថ្ងៃនោះដែរ អ្នកពូកែៗជាច្រើននឹងជួបជុំគ្នាត្រៀមចែករំលែកដល់អ្នកចូលរួមដែលចង់ចេញរកស៊ី ។
លោកម៉ាង វណ្ណឌី នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រឹក្សាយោបល់អាជីវកម្មមួយនៅក្នុងប្រទេសកម្ពុជាបានលើកឡើងផងដែរថា នៅក្នុងវិបត្តិកូវីដ១៩ មានសហគ្រិនជាច្រើនបានរងផលប៉ះពាល់ទៅលើអាជីវកម្មរបស់ខ្លួន តែក៏មានម្ចាស់អាជីវកម្មមួយចំនួនរើខ្លួនចេញរួចនិងបានប្រែក្លាយពីវិបត្តិទៅជាឱកាសក្នុងដំណើរការអាជីវកម្មរបស់ខ្លួន កាន់តែប្រសើរនិងរីកលូតលាស់បន្ថែមទៀត ។
លោកបន្ត កូវីដ១៩ វាពិតជាធ្វើឱ្យម្ចាស់អាជីវកម្មជាច្រើនប៉ះពាល់មែន ប៉ុន្តែនៅក្នុងវិបត្តិនោះក៏ជាឱកាសស ម្រាប់អាជីវកម្មណាដែលមានការបត់បែនទៅតាមស្ថានការណ៍បានលឿន ជាក់ស្ដែងអាជីវកម្មជាច្រើនបានបត់ទៅរកការធ្វើដំណើរការអាជីវកម្មតាមបែបបច្ចេកវិទ្យាឌីជីថលហើយក៏បានឃើញថាសកម្មភាពបែបនេះ នៅតែបន្តរហូតមកដល់ពេលនេះ ។លោកបន្ថែមថានៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងមុខនេះ វានឹងជួយឱ្យសហគ្រិនថ្មីៗដែលកំពុងខ្វះគំនិត ឬអ្នកដែលមានបំណងបង្កើតអាជីវកម្មតែមិនទាន់ដឹងថាបង្កើតអាជីវកម្មបែបណាដែលត្រូវនឹងបរិបទនាពេលបច្ចុប្បន្ននេះ ៕