លោក អ៊ាង សុផល្លែត៖ ការសម្រេចចិត្តចូលជាសមាជិកបក្សថ្មីបន្ថែម ក្នុងគណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងសាមគ្គី យ៉ាងរឹងមាំ និងដើម្បីបន្តដឹកនាំប្រទេស កាន់តែរីកចម្រើន

Spread the love

ត្បូងឃ្មុំ៖ លោក អ៊ាង សុផល្លែត សមាជិកគណៈកម្មការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានជួបសំណេះសំណាលជាមួយសមាជិកថ្មី នៃគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជា ឃុំព្រះធាតុ ចំនួន ៣០១ នាក់ទៀត ដែលទើបចូលរួមជីវភាពនយោបាយ បន្ទាប់ពីថ្ងៃចាប់ផ្តើម នៃយុទ្ធនាការឃោសនាបោះឆ្នោត ស្ថិតនៅភូមិទី១២ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៨ ខែកក្កដា ២០២៣។


ថ្លែងក្នុងពិធីនេះលោក អ៊ាង សុផល្លែត បានលើកឡើងថាៈ ការសម្រេចចិត្តចូលជា សមាជិកបក្សថ្មីបន្ថែម ក្នុងគណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងសាមគ្គីយ៉ាងរឹងមាំមួយ សម្រាប់គណបក្ស ដើម្បីបន្តដឹកនាំប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនថែមទៀត ក៏ដូចជា ធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍន៍ លើគ្រប់វិស័យ។

លោក បានបញ្ជាក់បន្ថែមថាៈ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជន កម្ពុជា បានកសាងសមិទ្ធផល លើគ្រប់វិស័យ មានផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ដែលធ្វើឲ្យជីវភាពប្រជាជន កាន់តែបានល្អប្រសើរឡើង ជាពិសេស នៅក្នុងស្រុកអូររាំងឪ ប្រជាជនបានទទួលបានការអភិវឌ្ឍន៍ មានសាលារៀន ការជួសជុលផ្លូវ ស្ទើរតែទាំងអស់ មានបន្ទប់ទឹក ទឹកស្អាតប្រើប្រាស់ នៅតាមសាលារៀន មានអំពូលភ្លើងទេវតា(អំពូលសូឡា) តាមមូលដ្ឋាន និងធានាបាននូវកំណើនសេដ្ឋកិច្ច ខ្ពស់ ប្រកបដោយចីរភាព និងការលើកកម្ពស់ជីវភាពប្រជាជន បានល្អប្រសើរ។


លោក អ៊ាង សុផល្លែត បានធ្វើការណែនាំអំពីការគូស លើសន្លឹកឆ្នោត ឱ្យបានត្រឹមត្រូវ ជៀសវាងការជឿឃោសនារបស់ ជនអគតិមួយចំនួន ដែលចង់បំផ្លាញការបោះឆ្នោត ហើយបានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញ និងជួយប្រមូលសាច់ញាតិ ក្រុមគ្រួសាររបស់ខ្លួន ឱ្យទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងធ្វើការបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា លេខរៀងទី១៨ នៅលើសន្លឹកឆ្នោត ដើម្បីបង្ហាញពីការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស បានយ៉ាងល្អនៅកម្ពុជា៕

About The Author

ព័ត៌មានផ្សេងៗ