បេក្ខភាពចក្រវាឡកម្ពុជា ២០២២ ត្រៀមអោយហើយ មាន២០រូប បានកាដូចិញ្ចៀនពេជ្រ ២០វង់ ពីហាងពេជ្រ CSNJ
អបអរសាទរ ការប្រកួតកម្មវិធីចក្រវាឡ រដូវកាលថ្មី នឹងមកដល់ឆាប់ៗនេះ ក្នុងឆ្នាំ២០២២ មានការគាំទ្រ ខ្លាំងណាស់ពីម្ចាស់ ស្ពនសឺរ ដោយនៅតែបន្ត ជូនរង្វាន់ជាច្រើន ដល់បេក្ខនារី រដូវកាលថ្មី។ មិនទាន់ដាក់ពាក្យប្រកួតផង ថៅកែហាងពេជ្រ CSNJ ស្រាប់តែអូខេ អោយ រង្វាន់ជាចិញ្ចៀនពេជ្រ ដល់ទៅ២០វង់ សម្រាប់នារីរូបស្អាត ២០រូបចុងក្រោយ។ នេះជាការលើកទឹកចិត្តថ្មី ដល់បេក្ខភាព ដែលចង់ក្លាយជាបវរកញ្ញា ចក្រវាឡកម្ពុជា ឆ្នាំថ្មី២០២២ ។ នេះនៅមិនទាន់គិតរឿង មកុដឯកដែលមានទឹកប្រាក់ខ្ទង់មុឺនដុល្លារ ផ្តល់ពីហាងពេជ្រខាងលើដែរ។
ក្នុងជំនួប បវរកញ្ញាចក្រវាឡ ៤រដូវកាល នាថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២នេះ ឃើញថាបវរកញ្ញា ទាំង៤រូបគ្រងឈុតមួយបែបម្នាក់ យ៉ាងស្រស់ស្អាត អមការគ្រងគ្រឿងពេជ្រ លម្អរកាយចែងចាំង ពីហាងពេជ្រCSNJ ផងនោះរិតតែខ្ញង់តែម្តង។ ក្រៅពីមានហ្វេនៗមកកកកុញ មានវត្តមានអ្នកគ្រប់គ្រង បវរកញ្ញាកម្ពុជា និង ថៅកែហាងពេជ្រលោក ចិន សំណាង ព្រមទាំងអ្នកសារព័ត៌មានច្រើនស្ថាប័នផងដែរ។ បើតាមការលើកឡើង ពីម្ចាស់ហាងពេជ្រ CSNJលោកចិន សំណាង បានបញ្ជាក់ថា លោកពិតជារីករាយបំផុត ដែលបានបន្ត សហការចូលរួមលើកស្ទួយវិស័យ បវរកញ្ញា ចក្រវាឡកម្ពុជា Miss Universe Cambodia ។ ឆ្នាំនេះដើម្បីលើកទឹកចិត្តបេក្ខភាព លោកនឹងផ្តល់រង្វាន់ពេជ្រ បន្តទៀតដល់ អ្នកមកប្រឡង ហើយក៍រិតតែចង់ដឹងថា ម្ចាស់មកុដឆ្នាំ២០២២ មានសម្រស់ដាច់គេ ឆ្លាតវៃ និងមានចំណេះដឹង បែបណា ដើម្បីឆ្ពោះទៅកាន់ឆាកពិភពលោក។
បវរកញ្ញាចក្រវាឡ ៤រូប ដ៍មានសម្រស់ រួមមាន រឿន ណាត សំណាង អេលីណា រ៉េត សារីតា និង ងិន ម៉ារ៉ាឌី សុទ្ឋតែបានផ្តាំផ្ញើចែករំលែក ដល់ប្អូននារីដ៍ពូកែ ក្រោយៗនេះ បើស្រឡាញ់ អាចមកដាក់ពាក្យ បង្ហាញភាពក្លាហាន។ វិស័យបវរកញ្ញាយើង កំពុងតែផ្ទុះការគាំទ្រ ហើយមុនប្រកួត ត្រូវយល់ពីអត្ថន័យ កម្មវិធីអោយច្បាស់ហើយ រៀនសូត្របន្តបន្ទាប់ដើម្បីបង្វឹកខ្លួន។ មានតែភាពរឹងមាំ ចេញពីក្នុងចិត្តប៉ុណ្ណោះដែលជួយ អោយយើងឈ្នះ។ ដូចនេះ យើងគួរសាកល្បងហើយខំ សម្រេចក្តីស្រម៉ៃអោយបាន។