យន្តហោះ Boing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ដែលកំពុងដឹកជញ្ជូនអ្នកដំណើរ ១៣៣នាក់ បាន.ធ្លា.ក់នៅខេត្ត Guangxi

Spread the love

ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV នៅថ្ងៃចន្ទនេះបានរាយការណ៍ថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern មានផ្ទុកមនុស្សសរុបចំនួន១៣៣នាក់ បានធ្លាក់នៅតំបន់ភាគនិរតីនៃប្រទេសចិន ខណៈមិនទាន់ដឹងថាមានមនុស្សបាត់បង់ជីវិតប៉ុន្មាននាក់ ឬក៏អាចមានអ្នករួចរស់ជីវិត ដែរឬយ៉ាងណានោះឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២។

ប្រព័ន្ធផ្សព្វផ្សាយចិន CCTV បានឱ្យដឹងថា យន្តហោះដឹកអ្នកដំណើរខាងលើ ដែលមានប្រភេទ Boeing 737-800 បានធ្លាក់នៅឯតំបន់ភ្នំ ក្បែរទីក្រុងវូចូវ (Wuzhou) នៃតំបន់ក្វាងស៉ី (Guangxi) ខណៈក្រុមភ្នាក់ងារស្វែងរកនិងជួយសង្រ្គោះ ត្រូវបានចល័តជាបន្ទាន់ ទៅកាន់កន្លែងកើតហេតុ។ យន្តហោះនេះ មានគោលដៅធ្វើដំណើរពីទីក្រុងគួនមីង (Kunming) នៃខេត្តយូនណាន (Yunnan) ឆ្ពោះទៅកាន់ទីក្រុងក្វាងចូវ (Guangzhou) នៃខេត្តក្វាងទុង (Guangdong)។

គួរបញ្ជាក់ថា វិស័យអាកាសចរណ៍របស់ប្រទេសចិន ស្ថិតក្នុងចំណោមប្រទេសដែលមានកំណត់ត្រាសុវត្ថិភាពល្អបំផុត នៅលើពិភពលោក គិតក្នុងអំលុងមួយទសវត្សរ៍ចុងក្រោយនេះ។ ករណីធ្លាក់យន្តហោះលើកចុងក្រោយបង្អស់ ដែលមានមនុស្សស្លាប់នៅចិន បានកើតឡើងកាលពីឆ្នាំ២០១០ នៅពេលមនុស្ស៤៤នាក់ ក្នុងចំណោមមនុស្សសរុប៩៦នាក់ បានបាត់បង់ជីវិត ពេលយន្តហោះធុន Embraer E-190 មួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Henan Airlines បានធ្លាក់ ពេលត្រៀមចុះចតនៅឯអាកាសយានដ្ឋាន យីឈុន (Yichun)៕

About The Author

ព័ត៌មានផ្សេងៗ