DJ Soda ត្រូវបានបណ្តេញចេញពីយន្តហោះ និងត្រូវបង្ខំចិត្តដោះសម្លៀកបំពាក់ចេញនៅកន្លែងទីសាធារណៈ ដោយសារមូលហេតុមួយនេះ
កាលពីថ្ងៃទី២៦ ខែមេសា កន្លងទៅសារព័ត៌មានជាច្រើនបានចុះផ្សាយពីហេតុការ DJ Soda ដែលត្រូវបានគេស្គាល់ថាជា DJ ល្បីឈ្មោះម្នាក់ ត្រូវបានបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍អាមេរិក America Airlines ហាម និងបណ្តេញមិនឲ្យឡើងយន្តហោះ។ DJ Soda បានថ្លែងឲ្យដឹងថានាងត្រូវបានក្រុមហ៊ុនអាកាសចរណ៍បណ្តេញចេញពីយន្តហោះ ដោយសារតែនាងស្លៀកខោជាមួយនឹងពាក្យមិនសមរម្យ (F*ck You) ។ បើតាមសម្តីរបស់ DJ Soda ផ្ទាល់ នាងត្រូវបានដោះសម្លៀកបំពាក់នៅកណ្តាលវាលមុខបុគ្គលិកនៅច្រកទ្វារឡើងយន្តហោះ ដើម្បីអាចឡើងយន្តហោះទៅបាន។
នៅលើគណនីបណ្តាញសង្គមផ្ទាល់ខ្លួនរបស់ DJ ល្បីឈ្មោះសាច់ទ្រលក់ទ្រលន់រូបនេះ បានចែករំលែកព័ត៌មានលំអិតជុំវិញរឿងរ៉ាវនេះ។ ហេតុការណ៍នេះបានកើតឡើងខណៈពេលដែលនាងកំពុងរៀបចំការហោះហើរពីអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Los Angeles ។ ខោដែល DJ Soda ស្លៀកគឺឧបត្ថម្ភដោយម៉ាកម៉ូដអាមេរិក។ យោងតាមសម្តី DJ រូបនេះ នាងមិនដែលមានបញ្ហាជាមួយខោទាំងនេះទេ ក្នុងដំណើរកម្សាន្តជាច្រើនខែរបស់នាងនៅអាមេរិកខាងជើង។ នាងបានលើកឡើងថា បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍មិនបានណែនាំនាងនៅពេលមកទិញសំបុត្រ ឬពេលនាងអង្គុយនៅកន្លែងរង់ចាំទេ តែទើបមកហាមនៅពេលដែលឡើងយន្តហោះទៅហើយ។
ដោយសារតែនាងមានភារកិច្ចសំខាន់ភ្លាមៗដែលចាំបាច់ត្រូវតែហោះហើរទៅកាន់ក្រុង Los Angeles នាងក៏បានសុំអង្វរឲ្យបុគ្គលិកអាកាសចរនោះឲ្យអនុគ្រោះ តែយ៉ាងណាបុគ្គលិកមិនអើពើនឹងសំណើររបស់នាងឡើយ រហូតដល់នាងត្រូវបង្ខំចិត្តស្រាតខោនោះចេញ ទើបអាចត្រូវបានអនុញ្ញាតឲ្យឡើងយន្តហោះបាន។ជាមួយគ្នានោះដែរ DJ ល្បីឈ្មោះរូបនេះបានបង្ហោះសារលើគណនីបណ្តាញសង្គមខ្លួនបែបនេះថា៖ “ខ្ញុំឈឺចាប់យ៉ាងខ្លាំង និងញ័រពេញខ្លួន។ ក្នុងរយៈពេល ៨ ឆ្នាំនៃការធ្វើដំណើរ ខ្ញុំមិនដែលបានជួបរឿងអយុត្តិធម៌បែបនេះទេ ជាពិសេសនៅក្នុងប្រទេសដែលល្បីល្បាញលើរឿងសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពផ្ទាល់ខ្លួនមួយនេះ”។ យ៉ាងណាមិញមកទល់ពេលនេះខាងក្រុមហ៊ុនអាកាសចរណ៍នៅមិនទាន់ចេញមុខបកស្រាយយ៉ាងណានោះទេទាក់ទងនឹងរឿងនេះ៕