អ្នកនាង ចំរើន ចរិយ៉ា ផ្តើមចម្រៀងមួយបទ ដែលនិយាយ រៀបរាប់ពីជីវិតពិត
តារាចម្រៀងបែប មនោសញ្ចេតនា អ្នកនាង ចំរើន ចរិយ៉ា ដែលផ្តើមសិល្បៈ តាំងពីឆ្នាំ២០០០ ឃើញថា នៅតែក្រាញននៀលជាមួយសិល្បៈ មិនបោះបង់ទៅណាឡើយ ហេតុតែចិត្តស្រឡាញ់។ ថ្មីៗនេះ ចម្រៀង មួយបទដែលមានឈ្មោះថា «ចំរើនភក្តី»អ្នកនាងលើកមកច្រៀងនោះឃើញថា ជាសាច់រឿងពិតមួយដែល អ្នកនាងផ្ទាល់បានជួបប្រទះតាំងពីនៅវ័យកុមារ ហើយសំឡេងច្រៀងទៀតសោតចាក់ដោតអ្នកស្តាប់ខ្លាំងណាស់។
អ្នកនាង ចំរើន ចរិយ៉ា ត្រូវបានគេឃើញឧស្សាហ៍បង្ហាញមុខ តាមកញ្ចក់ទូរទស្សន៍ ដូចជាប៉ុស្តី៍បាយ័នជាដើម ក្នុងកម្មវិធី «តន្ត្រីស្រុកស្រែ» និង កម្មវិធី «រាត្រីពណ៌ស្វាយ»។ អ្នកនាងមានទឹកដមសំឡេង ពិរោះរណ្តំណាស់ ហើយភាគច្រើនចេះចាំយ៉ាងស្ទាត់ជំនាញ បទចម្រៀងសម័យដើម ប្រើប្រាស់បានល្អគួរអោយសរសើរ។ ដោយឡែកងាក មកចាប់អារម្មណ៍ ចម្រៀង របស់អ្នកនាងដែលបានបន្លឺឡើង ស្តីពីសាច់រឿងជីវិតពិត ឃើញថា បានបង្ហាញនូវជីវិតលំបាក ជួបគ្រប់រូបភាព និងស្ថានការទាំងអស់។ម្ល៉ោះហើយការតាក់តែងនេះ ជាការរំលឹកខ្លះរឿងមុនៗ ដើម្បីជាការចងចាំមួយក្នុងពេលបច្ចុប្បន្នជីវិតកំពុងតែរឹងមាំ។
យ៉ាងណាមិញ មិត្តក្នុងអាជីព ព្រមទាំងអ្នកស្គាល់អ្នកនាង បានលើកទឹកចិត្តអ្នកនាងអោយ រឹងមាំហើយក៍រីករាយផងដែរ នៅពេលបានឃើញភាពលះបង់របស់អ្នកនាង បានដើរដល់ផ្លូវមួយប្រសើរ។ ម្នាក់ៗ រំពឹងថា អ្នកនាងបន្តសាងស្នាដៃបន្តទៀត ក្នុងសិល្បៈដើម្បីអោយកាន់តែជោគជ័យបន្តទៀត។