ព្រឹត្តិការណ៍បង្ហាញស្នាដៃគំនូរដ៏ធំបំផុតក្នុងប្រទេសកម្ពុជា Murals For Cambodia Festival បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួម នៅឯគម្រោងខុនដូ Urban Village & Factory Phnom Penh

Spread the love

ព្រឹត្តិការណ៍ Murals For Cambodia Festival បានប្រព្រឹត្តិទៅយ៉ាងរលូន ហើយទទួលបានភាពជោគជ័យយ៉ាងក្រៃលែង ដោយមានអ្នកចូលរួមកម្សាន្តរាប់ពាន់នាក់ កាលពីចុងសប្តាហ៍កន្លងមកនេះ។ ព្រឹត្តិការណ៍នេះផងដែរ​ត្រូវបានផ្តួចផ្តើមដោយលោកហ្វុងគី (Fonki) ដែលជាអនិជនខ្មែរបារាំង ព្រមទាំងបានរៀបចំដោយសាលសិល្បៈ FT Gallery​ ហើយ​បានប្រារព្ធទៅនៅបរិវេណគម្រោងខុនដូ Urban Village & មជ្ឍមណ្ឌលច្នៃប្រឌិត Factory Phnom Penh ដែលជាសហគមន៍រស់នៅធំជាងគេកណ្តាលរាជធានីភ្នំពេញ។គោលបំណងនៃការបង្កើតឲ្យមានព្រឹត្តិការណ៍ដ៏អស្ចារ្យនេះកើតឡើងគឺដើម្បីប្រមូលផ្តុំអ្នកស្រលាញ់សិល្បៈគំនូរ ហើយលើកកម្ពស់វិស័យទេសចរណ៍​​ និងវប្បធម៌ ព្រមទាំងបង្ហាញឲ្យពិភពលោកដឹងថាកម្ពុជាជាប្រទេសដែលមានវប្បធម៌ និងសិល្បៈឈានមុខដ៏គួរឲ្យស្ងប់ស្ងែងមួយក្នុងតំបន់។

លោកហ្វុងគី បានចែករំលែកចំណាប់អារម្មណ៍ថា “ប្រទេសកម្ពុជាទទួលបានភាពជោគជ័យក្នុងការគ្រប់គ្រងស្ថានការណ៍កូវីដ ដូច្នេះហើយគោលបំណងក្នុងការបង្កើតព្រឹត្តការណ៍នេះគឺដើម្បីបង្កើតវេទិកាមួយដើម្បីឲ្យអ្នកស្រលាញ់សិល្បៈគំនូរ បានទទួលយកនូវបទពិសោធន៍ល្អៗ​ និងថ្មីៗ ព្រមទាំងលើកកម្ពស់សិល្បៈគំនូរកម្ពុជាទៅកាន់ពិភពលោក។ ព្រឹត្តិការណ៍នេះក៏បានអនុញ្ញាតឱ្យសិល្បករក្នុងស្រុក និងអន្តរជាតិផ្លាស់ប្តូរបទពិសោធន៍រវាងគ្នា និងគ្នា”។​លោកហ្វុងគីបានបន្ថែមទៀតថា “ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅយ៉ាងរលូន លើសពីការរំពឹងទុករបស់ខ្ញុំ ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ រួមទាំងសិល្បៈករ យុវវ័យ និងអ្នកស្រលាញ់សិល្បៈទូទៅ។ ពួកគាត់រីករាយជាមួយការតាំងបង្ហាញផ្ទាំងសិល្បៈគំនូរ ការប្រគុំតន្ត្រី រួមទាំងទទួលបានបទពិសោធន៍ដ៏អស្ចារ្យមួយនៅក្នុងព្រឹត្តិការណ៍នេះ”។

ក្រៅពីការដាក់តាំងបង្ហាញស្នាដៃសិល្បៈដ៏វិសេសវិសាលរបស់សិល្បករផ្នែកគំ​នូរល្បីៗក្នុងស្រុក និងជុំវិញពិភពលោក ព្រឹត្តិការណ៍នេះ ក៏មានការប្រគុំតន្ត្រីដែលបានសម្តែងដោយតារាចំរៀងល្បីៗមកពីផលិតកម្ម Baramey ផលិតកម្ម KlabYaHandz និងអ្នកចំរៀងល្បីឈ្មោះជាច្រើនរូបទៀត ព្រមទាំងមានវត្តមាន DJអន្តជាតិល្បីៗ​ជា​ច្រើន​ ដែលកាន់តែបន្កើននូវភាពសប្បាយរីករាយ និងអធឹកអធមបន្ថែមមួយកម្រិតទៀត។គួរបញ្ជាក់ផងដែរព្រឹត្តិការណ៍នេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ហើយនេះជាឆ្នាំដំបូងដែលបានរៀបចំ។ ព្រឹត្តិការណ៍នេះនឹងបន្តធ្វើឡើងជារៀងរាល់ឆ្នាំដោយសាលសិល្បៈ FT GALLERY ដែលមានទីស្នាក់ការកណ្តាលនៅសហគមន៍រស់នៅធំជាងគេកណ្តាលរាជធានីភ្នំពេញ Urban Village & Factory Phnom Penh។

 

 

About The Author

ព័ត៌មានផ្សេងៗ