ស្ងាត់ៗ លីវ ជីវលី ក្លាយជាដៃគូច្រៀងនឹងកំលោះកម្ពុជាក្រោម ថាច់ សាថេន

Spread the love

ភ្នំពេញៈ នាពេលថ្មីៗនេះ បង្កើតភាពភ្ញាក់ផ្អើលពីមហាជនគាំទ្រ និងសង្គមសិល្បៈ ខណៈស្ងាត់ៗស្រាប់តែស្រីស្រស់ អតីតជាកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ ២០២០ (Miss Grand-Cambodia 2020) កញ្ញា លីវ ជីវលី មិនត្រឹមតែបានអភិវឌ្ឍខ្លួនក្លាយជាតារាសម្តែងភាពយន្តទេ ថែមទាំងជាដៃគូចម្រៀងនឹងតារាចម្រៀងកំលោះកម្ពុជាក្រោម ថាច់ សាថេន ទៀត។ក្នុងឆ្នាំ ២០២២ នេះគេឃើញកញ្ញា លីវ ជីវលី អតីតជាកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ ២០២០ ឧស្សាហ៍ចេញថត MV ចម្រៀងជាមួយនឹងតារាចម្រៀងប្រុស ដែលមានឈាមជ័រ និងស្រុកកំណើតនៅខេត្តព្រះត្រពាំង ដែនដីកម្ពុជាក្រោម លោក ថាច់ សាថេន បទ «កំលោះកង់៣»។ ជាក់ស្តែងក្រោយចប់ពិធីបុណ្យចូលឆ្នាំខ្មែរបានប៉ុន្មានថ្ងៃនេះ គេក៏ឃើញស្រីស្រស់កញ្ញា លីវ ជីវលី បង្ហាញវត្តមានថត MV ជាមួយកំលោះកម្ពុជាក្រោមទៀត នេះបើតាមលោក ថាច់ សាថេន បង្ហើរសារថា៖ «ថត MV ថ្ងៃនេះ ហត់ណាស់ តែសប្បាយ អរគុណកញ្ញា Chily Tevy ជីលី ទេវី ដែលបានជួយបំពេញ ការងារថ្ងៃនេះ និងអរគុណក្រុមការងារយើង។ សំខាន់បងស្រឡាញ់អូនចេញឆាប់ៗនេះ!»។

កាលពីមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនោះ គេក៏ឃើញកញ្ញា លីវ ជីវលី ចេញនូវបទចម្រៀងមួយច្រៀងរួមគ្នាបទ «ប្រស្នា ២ ខ» ដែលជាបទចម្រៀងមានសំនៀងដើមលោក ខេមរៈ សិរីមន្ត និងកញ្ញា ខេមរៈ ស្រីពៅ ដោយអ្នកទាំង ២ ច្រៀងឡើងវិញ សម្រាប់ការបំពេអារម្មណ៍ប្រិយមិត្តនៅថ្ងៃចូលឆ្នាំថ្មី។គួររំឭកផងដែរថា ស្រីស្រស់ លីវ ជីវលី គឺជាកញ្ញាឯករងទី២ (2nd Runner-up) នៃកញ្ញាឯកដ៏អស្ចារ្យ Miss Grand Cambodia 2020 ដែលត្រូវក្រុមផ្ទេរតំណែងឱ្យបានក្លាយជាម្ចាស់មកុដនៃ តំណាងកញ្ញាឯកកម្ពុជា ដើម្បីចូលរួមនៅក្នុងការប្រកួតអន្តរជាតិ Miss Grand International 2020 ដែលបានរៀបចំ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីខែមីនា ឆ្នាំ ២០២១ កន្លងមក។ ហើយកញ្ញា លីវ ជីវលី បានបំបែកកំណត់ត្រាថ្មីសម្រាប់កម្ពុជាក្នុងប្រវត្តិសាស្ត្រ Miss Grand Cambodia ដោយបានជាប់ចំណាត់កំពូលទាំង ២០ (Top 20)។

ឯលោក ថាច់ សាថេន កំលោះដើមកំណើតកម្ពុជាក្រោម បានឃ្លាតឆ្ងាយពីក្រុមគ្រួសារ ឪពុកម្តាយ និងតស៊ូលះបង់អស់រយៈពេល ៧ ឆ្នាំ ដើម្បីស្រវាចាប់ក្តីប្រាថ្នាខ្លួន នៅរាជធានីភ្នំពេញ ដោយសារក្តីស្រឡាញ់សិល្បៈចម្រៀងខ្មែរដ៏មុតមាំ និងចង់ក្លាយជាតារាចម្រៀង ១ រូប ដែលអាចមានឈ្មោះបោះសំឡេង៕

About The Author

ព័ត៌មានផ្សេងៗ