ភ្នំពេញ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូង នៃទីក្រុងញូវយ៉ក និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក បានដំណើរការក្ដីក្នុងតុលាការ ពាក់ព័ន្ធនឹងវត្ថុបុរាណខ្មែរចំនួន២៨រូបដែលបានរឹបអូសពីអ្នកកាន់កាប់សមុច្ច័យឯកជន។វត្ថុបុរាណទាំងនោះមានជាអាទិ៍រូបចម្លាក់ព្រះគណេសដែលគេជឿជាក់ថាមានប្រភពមកពីប្រាសាទបាក់ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ផ្អែកតាមសាក្សីបានបញ្ជាក់ថារូបចម្លាក់នេះត្រូវបានលួចយកចេញពីប្រាសាទអស់រយៈពេលប្រមាណពីរទសវត្សរ៍មកហើយ។ ក្នុងឆ្នាំ២០២១អង្គការសម្ព័ន្ធភាពបុរាណវត្ថុ(AntiquitiesCoalition)បានចាត់ទុកបដិមាព្រះគណេសនេះជារូបចម្លាក់ដ៏ប្រណិតមួយដែលពិភពលោកចង់បានបំផុតក្នុងចំណោមវត្ថុទាំង១០ដែលត្រូវបានគេលួច។លោកស្រីភឿងសកុណារដ្ឋមន្ត្រីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានលេីកឡេីងថារូបចម្លាក់ព្រះគណេសនេះគឺជាគំរូដ៏ល្អឯកមួយទៀតរបស់បុព្វបុរសខ្មែរយើង។ព្រះគណេសគឺជាទេពហិណ្ឌូដែលមានព្រះសិរជាសត្វដំរីនិងត្រូវបានគេស្គាល់យ៉ាងទូលំទូលាយអំពីឬទ្ធិអំណាចរបស់ព្រះ អង្គ ជាទេពនៃចំណេះដឹងនិងកំចាត់ឧបសគ្គ ហើយការវិលត្រឡប់មកមាតុប្រទេសវិញគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់កម្ពុជា។ក្រៅពីនេះក៏មានវត្ថុបុរាណដទៃទៀត ដូចជា ព្រះពុទ្ធបដិមាធ្វើពីថ្មភក់ សតវត្សរ៍ទី៧-៨, បដិមា...